សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អ្នកតាមដានសង្គមនិង​នយោបាយឯក​ភាព​ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ​ដែល​ថា ខ្មែរ​​បាត់​បង់​ទឹកដី​គឺដោយ​សារ​ការបែកបាក់ផ្ទៃក្នុងជាតិ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានប្រសាសន៍នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវីនៃគណៈមេធាវី កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។ (AKP)
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានប្រសាសន៍នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវីនៃគណៈមេធាវី កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។ (AKP)

អ្នក​តាម​ដាន​ស្ថានការនយោបាយ ​និង​សង្គមបានឯក​ភាព​ទៅនឹងការ​លើកឡើង​របស់​លោកនាយករដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​ដែលលើកឡើងថា ការ​បាត់បង់ទឹកដី​ពីអាណាចក្រ​ខ្មែរ​ មក​នៅដូចសព្វថ្ងៃ ​គឺដោយ​សារ​ការបែកបាក់ផ្ទៃក្នុងជាតិ​ធ្វើឱ្យប្រទេស​ចុះខ្សោយ និង​លើក​​​ទឹកចិត្ត​ឱ្យ​​លោក​​ផ្សះ​ផ្សា​បង្រួប​បង្រួម​ជាតិ ​ដើម្បី​​ឱ្យកម្ពុជាក្លាយ​ទៅ​ជា​​ប្រជាជាតិ​មួយ​ដែល​រឹង​មាំ​យូរ​អង្វែង​តទៅ​អនាគត។

នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រ​សម្បទា​វិជ្ជាជីវៈ​មេធាវី​​ដល់​សិស្សមេធាវី​ និង​ប្រគល់វិញ្ញា​បនបត្រ​សុក្រឹតការវិជ្ជាជីវៈ​មេធាវី​ដល់​សិក្ខាកាម​​​មេធាវី កាលពីថ្ងៃទី​៥ ​ខែកញ្ញា ​ឆ្នាំ​២០២៤​លោក​ ហ៊ុន ម៉ាណែត ​បាន​​ចោទសួរ​ថា តើ​ដោយ​សារ​​អ្វី​ដែលកម្ពុជា​បាត់បង់​ទឹកដី​​ពីអាណា​ចក្រខ្មែរ​មកនៅដូចសព្វថ្ងៃ?

ត្រង់​ចំណុចនេះ​លោក​នាយក​រដ្ឋមន្ត្រី​​បាន​គូស​បញ្ជាក់ថា៖ «​គន្លឹះធំគឺការបែកបាក់ផ្ទៃក្នុង​ជាតិ​យក​រូបភាព និងយកគំនិត​នៃការខ្លាចខាង​ក្រៅ​​តែមក​បែក​ផ្ទៃ​ក្នុងអស្ថិរភាពផ្ទៃក្នុង​ចុងក្រោយគឺ​រដ្ឋប្រហារឆ្នាំ៧០​ឈាន​ទៅដល់​ការ​កាប់ចាក់​គ្នា​រហូត​ទៅ​ដល់ឆ្នាំ១៩៩៨​បាន​យើងចប់ រាប់លាននាក់​ត្រូវ​បាត់​បង់​ប្រទេស​ចុះខ្សោយ»។

លោក​លើកឡើង​ថា ​បើសិនជាគ្មាន​រដ្ឋប្រហារឆ្នាំ១៩៧០​ទេប្រហែល​​រហូត​មក​ដល់​ពេល​នេះ​ប្រជាពលរដ្ឋ​ខ្មែរ មិនមែន​មាន​ត្រឹម​តែ​ចំនួន​១៧លាននាក់​នោះ​​ទេ​ គឺ​អាច​មាន​ចំនួន​ច្រើន​ជាង​នេះ​ ហើយ​សេដ្ឋកិច្ចក៏ខ្ពស់​ជាងនេះ​ដែរ​។

លោក​នាយក​រដ្ឋមន្ត្រី​មានប្រសាសន៍​ទៀតថា៖ «តែឥឡូវយើងមិន​អាច​អង្គុយ​យំ​អ្វី​ដែល​កើត​មានហើយ​មាន​តែធ្វើយ៉ាងម៉េច​កុំឱ្យកង់​ប្រវត្តិសាស្ត្រត្រឡប់​មក​វិញ​ គឺការបែកបាក់​ផ្ទៃក្នុង​របស់​យើង។ អ៊ីចឹង[គម្រោង​បាតុកម្ម]​ថ្ងៃទី​១៨​សីហា​ វាហានីភ័យ​ច្រើនពេក»។

ទាក់​ទង​ទៅនឹងគម្រោង​អភិវឌ្ឍ​ CLV លោក​ ហ៊ុន ម៉ាណែត ​បាន​លើកឡើង​ថា មានការ​បកស្រាយច្រើន ហើយ​មានការ​ពន្យល់ជាច្រើន​រួចទៅហើយ​របស់​អាជ្ញាធរសមត្ថកិច្ច​ក្រសួងមហាផ្ទៃគ្រប់ក្រសួង​ស្ថាប័ន​អ្នក​នាំពាក្យ​ក៏បាន​ពន្យល់​ហើយប្រជាពលរដ្ឋ​ក៏បាន​​ឃើញហើយ​​សម័យឥឡូវ​អត់មាន​អ្វី​ត្រូវលាក់ទេ។ ​នៅតាម​បណ្តាញ​ហ្វេស​ប៊ុក​បណ្តាញ​​តេឡេក្រាម​សូម្បីតែអ្នក​រៀបចំធ្វើផែនការ​ធ្វើ​បាតុកម្ម​ថ្ងៃទី​១៨សីហា​​ក៏បាន​ដាក់​នៅក្នុង​បណ្តាញ​តេឡេក្រាមគ្រប់គ្នាមើលទាំង​អស់​អត់មាន​អ្វី​ត្រូវ​លាក់ទេ។

លោក​បាន​ចោទ​សួរថា៖ «អ៊ីចឹង​រឿងនេះ​វាខុសយ៉ាងម៉េច​​ពីគោលគំនិតដើមរបស់​ប្រជា​ពលរដ្ឋ​​ជាច្រើនដែល​បារម្ភ​អំពីកិច្ច​សហប្រតិបត្តិការ​ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ​ វៀត​ណាម​ ដែល​យើងថា CLV​ អីហ្នុង​? ប្រជាពលរដ្ឋ​ភាគ​ច្រើន​គាត់​កង្វល់​ ប៉ុន្តែ គាត់​មិនចង់​ឱ្យប្រទេស​បែកបាក់គ្នាទេ។​ ការ​បញ្ចេញមតិដើម្បីឱ្យ​រាជរដ្ឋាភិបាលបាន​ស្តាប់​ហើយ​ចាត់​វិធានការ​ធានាឱ្យគាត់ថាកុំឱ្យមានការ​ងារបែបនេះកើតឡើង»។

អនុប្រធាន​គណបក្ស​កែទម្រង់​កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន បាន​ឯក​ភាព​ទៅនឹង​ការ​លើកឡើង​របស់លោក ហ៊ុន ម៉ាណែត ​ដោយ​លោកថ្លែងថា បើ​ប្រទេស​ជាតិ​មួយ​មានការ​បាក់​បែកផ្ទៃក្នុង​វាធ្វើឱ្យប្រទេស​ជាតិ​នោះ​មាន​ឱន​ភាពចុះខ្សោយដែល​មិនអាច​ចៀសរួចឡើយ ​ជាពិសេស​ប្រទេសកម្ពុជា។ ​លោក​ថ្លែងថា​ យើង​ឃើញ​ក្នុង​ប្រវត្តិសាស្ត្រ​ហើយ​ កាលណា​មានការ​បែកបាក់ផ្ទៃក្នុង​ជាតិ​ ធ្វើឱ្យងាយ​ស្រួល​​ដល់​ប្រទេស​ជិត​ខាង​គេលូកជ្រៀតជ្រែករហូត​ធ្វើឱ្យកម្ពុជា​បាត់បង់​ទឹក​ដី​មក​ដល់សព្វ​ថ្ងៃនេះ ហើយ​នៅ​តែបន្ត​បែកបាក់​​ជាតិ​មក​ដល់សព្វ​ថ្ងៃនេះ មិន​ទាន់​ឃើញ​មានឯក​ភាពជាតិ​នៅឡើយ​ទេ ​គឺ​នៅ​តែមានការ​ប្រឆាំង​តតាំងគ្នា​ដោយ​​សារ​តែ​ទស្សនៈ​មិន​ចុះសម្រុងគ្នា។

លោក ច័ន្ទរ័ត្ន ​បញ្ជាក់ថា៖ «ហើយ​យើង​​មិនដូច​ប្រទេស​ដែល​ប្រកាន់​យក​របប​ប្រជាធិប​តេយ្យ​ដទៃទេ​ យើង​តែងតែឈ្លោះ​គ្នា​ដោយ​មានទស្សនៈខុសគ្នា​នេះ ​គឺឈ្លោះ​គ្នា​តែម្តង យើង​​អត់​ជជែកគ្នា​ដើម្បី​សម្របសម្រួលប្រកាន់យកគោលការណ៍​ណាមួយ​ដើម្បីស្វែងរក​ឯកភាពជាតិទេ»។

លោក​លើកឡើងថា អ្នកនយោបាយ​ខ្មែរ​តែង​​តែប្រើប្រាស់មធ្យោបាយ ​ដើម្បីកម្ទេចគ្នាទៅវិញ​ទៅមក។ «អានេះ​ជាការ​សង្កេត​របស់ខ្ញុំ ហើយ​បន្ត​មក​ដល់ថ្ងៃនេះក៏នៅ​តែដដែល​បើទោះបី​ជា​យើង​ប្រកាន់យកលទ្ធិប្រជាធិបតេយ្យ​យកមកអនុវត្ត​នៅក្នុង​ប្រទេសយើង​​ក៏​ដោយ»​។

ចំណែក​លោក ​យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា​បាន​ប្រាប់​ ខេមបូចា​ កាលពី​ថ្ងៃទី​៩ ​ខែកញ្ញា ថា បើយើង​អាន​ប្រវត្តិសា​ស្ត្រ​កម្ពុជា​ក្នុងរយៈ​ពេល​ប្រមាណ៥០០​ឆ្នាំ​ចុងក្រោយ​នេះ ​ជាពិសេស​មុនសម័យ​​ព្រះបាទ​អង្គឌួង ​ឃើញថា​ កម្ពុជា​មានការ​បែកបាក់​ជាតិជាខ្លាំង​​ដោយ​ម្ខាង​ទៅពឹង​ថៃ(សៀម)​ម្ខាង​ទៅ​ពឹងវៀតណាម(វ៉េ) ហើយ​ការ​ពឹង​ទាំង​អស់នោះ​សុទ្ធ​តែយក​មក​ច្បាំងគ្នា​ឯងនៅខាងក្នុង​​ប្រទេស​ម្ល៉ោះ​ហើយ​ធ្វើឱ្យរួញទឹកដី ហើយ​មុន​មកដល់​សម័យ​ព្រះអង្គឌួង​ដែលព្រះអង្គ​អំពាវ​នាវ​ឱ្យ​បារាំង​មក​ជួយ​គ្រប់គ្រងនោះ​កម្ពុជាស្ទើ​រតែបាត់​បង់​ទឹកដីអស់រលីង​ទៅហើយ។

លោក​បញ្ជាក់​ថា៖ «​​ជាការពិត​ស្ទើរតែអស់​ទឹកដីរលីង​ទៅហើយ​នៅសល់​តែម្តុំវាំងឧត្តុង្គ​បន្តិច​បន្តួច​។​ អ៊ីចឹង​នេះជាប្រវត្តិសាស្ត្រដែល​យើង​មើលឃើញថា​ការបាត់បង់​ទឹកដី​ដោយ​សារ​តែការបែកបាក់​ជាតិ​ការដណ្តើម​អំណាច​ការ​ហែកហួរ​រវាងខ្មែរ​និងខ្មែរគ្នាឯង»

លោក​បន្តថា ជម្លោះ​បែក​បាក់​ជាតិ​នេះ​បាន​បន្តអូសបន្លាយ​រហូត​មក​ដល់​ឆ្នាំ១៩៧០​​ដែល​ឈាន​ទៅ​ដល់​ការ​ធ្វើរដ្ឋ​ប្រហារ​ទម្លាក់​​សម្តេចឪ​ នរោត្តម សីហនុ ​​ពីអំណាច​នៅ​ថ្ងៃទី​១៨ ​ខែ​មីនា ​ឆ្នាំ១៩៧០ ​ហើយ​សង្គ្រាម​ស៊ីវិល​បាន​បន្តអូសបន្លាយ​មក​រហូត​ធ្វើឱ្យកម្ពុជា​បាត់​បង់គ្រប់​​បែបយ៉ាង​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​ទាំង​​ធនធានមនុស្ស​ទាំង​ធន​ធាន​ផ្សេងៗ​ទៀត​។

លោក​ យង់ ពៅ ​លើកឡើង​ថា៖ «​អានេះ​ជាតថភាព​នៃ​ប្រវត្តិសាស្ត្រ​ពិត​របស់​កម្ពុជា។​ ហីសូម​បញ្ជាក់​ថា ​សម័យ​បែកបាក់​មុន​ព្រះបាទអង្គឌួងហ្នុង​គឺ​ខ្មែរ​យើង​សល់​ប្រជាជន​ដូចជាមិន​ដល់​​១លាន​នាក់​ផងទេ​មុន​ពេល​បារាំង​ចូលមកហ្នឹង»។

​លោក​បន្តថា៖ «អាហ្នឹង​ដោយ​សារ​ការ​បែកបាក់គ្នា​​ហែកហួរសម្លាប់គ្នា​​បាត់​ទាំង​ទឹកដី​​បាត់​ទាំង​​ជាតិសាស្រ្ត​ប្រជាសាស្ត្រ​ស្ទើរតែ​ផុតពូជខ្មែរ​ស្ទើ​រតែ​​បាត់​បង់​ទឹកដីខ្មែរ​ពីផែនទីពិភពលោក​ឯណោះ​មិន​មែន​បាត់​បង់ធម្មតា​ទេ ​នេះ​ជាមេរៀន​ប្រវត្តិសាស្ត្រដែល​យើង​គួរ​​តែចងចាំ»​។

ជាមួយគ្នា​នេះ ​លោក​ ប៉ា ចន្ទរឿន​ ​ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​​ ក៏បាន​ឯកភាព​ចំពោះការលើកឡើង​របស់​លោក ​ហ៊ុន ម៉ាណែត ផង​ដែរ។ លោកបាន​ថ្លែង​កាលពី​ថ្ងៃទី​៩​ ខែ​​កញ្ញា ​ថា មូលហេតុ​មួយ​ដែល​នាំឱ្យខ្មែរ​ទន់​ខ្សោយ និង​រួម​តូចតាំងពីអាណាចក្រ​ខ្មែរដែល​មាន​ផ្ទៃដី​លាតសន្ធឹង​ស្ទើតែទាំង​ស្រុងនៃដែនដីអាស៊ីអាគ្នេយ៍ដីគោក​មក​ជាប្រទេស​តូចដូចសព្វ​ថ្ងៃ​រហូតដល់មានសង្គ្រាមស៊ីវិល​ដែល​ធ្វើ​ឱ្យខ្មែរស្លាប់​រាប់​លាននាក់​នៅក្នុង​ទសវត្សរ៍១៩៧០​ហ្នឹង ​គឺដោយសារ​តែខ្មែរ​ឈ្លោះទាស់ទែងគ្នា ​ជាពិសេស​គឺការបែកបាក់គ្នា​ក្នុង​ចំណោម​ការ​ដឹកនាំ​​របស់​អ្នក​នយោបាយខ្មែរ។

លោក ប៉ា ចន្ទរឿន បន្តថា ដោយមើលឃើញថា ការបែកបាក់គ្នា​នាំឱ្យខ្មែរធ្លាក់ដុនដាប និង​ធ្លាក់ទៅ​ក្នុង​ភ្លើងសង្គ្រាមដ៏គួរ​ឱ្យ​អណោច​អធម​នឹងហើយបាន​ជាសហគមន៍​អន្តរជាតិ​ក៏ដូច​ជាភាគីខ្មែរ​ទាំងអស់​បាន​មូលមតិគ្នា​នាំឱ្យមាន​កិច្ច​ព្រម​ព្រៀងសន្តិភាពទីក្រុងប៉ារីសនៅឆ្នាំ​១៩៩១ ​ដែល​​ឈរនៅលើគោលការណ៍សិទ្ធិមនុស្ស ​និងប្រជាធិបតេយ្យ​ដើម្បី​​បញ្ចប់​ជម្លោះ​រ៉ាំរ៉ៃ​​រវាង​ខ្មែរ​និងខ្មែរគ្រប់​ភាគីនៅក្នុង​សម័យ​កាលនោះ​ហើយឆ្ពោះទៅរកការបង្រួបបង្រួម​និងការ​ផ្សះផ្សាជាតិ​។

​លោក​បញ្ជាក់​ថា៖ «​យើង​ឃើញ​ថា​ជាលទ្ធផល​គឺតាម​រយៈមាគ៌ាប្រជា​ធិបតេយ្យ​​សេរីនិង​មានគោលការណ៍សិទ្ធិមនុស្ស​ជាស្នូល​ធ្វើឱ្យកម្ពុជាយើង​មានសុខសន្តិ​ភាព​មាន​សុខសានត្រាន​ក៏ដូចមានការ​អភិវឌ្ឍតាំងពីក្រោយ​ឆ្នាំ១៩៩៣មក​»

លោក​បន្ត​ថា ប៉ុន្តែ​បើទោះបីជាប៉ុន្មាន​ទសវត្ស​រ៍ចុងក្រោយ​នេះ​កម្ពុជាមិនមាន​សង្គ្រាមរ៉ាំរ៉ៃ​ដូច​មុនក្តី​ប៉ុន្តែ​ដំណើរការ​នៃការ​ផ្សះផ្សាបង្រួប​បង្រួម​ជាតិ​ក៏ដូចជាការ​ពង្រឹង​ឯកភាពជាតិ​ ​ហាក់​ដូច​ជានៅមិន​ទាន់​បាន​ពេញលេញនៅឡើយ​ទេ​ជាពិសេសដំណើរការ​នៃការ​ផ្សះផ្សា​វាមាន​ឡើង​វាមាន​ចុះ​ជាពិសេសនៅចំពោះមុខនៃទំនាស់​នយោបាយនៅឆ្នាំ២០១៧ដែល​មាន​ការ​រំលាយគណបក្ស​សង្គ្រោះ​ជាតិ​។

នគរបាល​ត្រួតពិនិត្យយានយន្តដែលចូលរាជធានីភ្នំពេញកាល​ពី​ព្រឹក​ថ្ងៃអាទិត្យ នៅតាម​ផ្លូវ​ក្នុងខេត្តកណ្តាល ដើម្បីទប់​ស្កាត់​​បាតុកម្មប្រ​ឆាំងគម្រោ​ង​ CLV-DTA ដែលគ្រោងធ្វើនៅថ្ងៃទី១៨ ខែសីហា។ (ខេមបូចា/ ព្រីង សំរាំង) 

កម្ពុជា​ត្រូវការ​ឱ្យមាន​ការបង្រួប​បង្រួម​ផ្សះផ្សាជាតិ

ត្រង់​ចំណុចនេះ លោក​អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យ​សភាកម្ពុជាបាន​ថ្លែងថា យោង​តាម​ប្រវត្តិសាស្ត្រ​នៃការ​បែក​បាក់​នេះ​ប្រាកដហើយ​ដែល​រដ្ឋាភិបាល​បច្ចុប្បន្ន​ត្រូវ​ដើរតួនាទី​បង្រួប​​បង្រួមផ្សះ​ផ្សាប្រជា​ជាតិ​ខ្មែរ​ឱ្យក្លាយ​ទៅ​ជា​​ប្រជាជាតិ​មួយ​ដែល​រឹង​មាំ​យូរ​អង្វែង​តទៅ​អនាគត​​​​។​

លោក​មាន​ប្រសាសន៍​ថា៖ «យើងសល់​ទឹកដីប៉ុននេះប្រជាជនប៉ុននេះហី​មូលដ្ឋាន​យើងក៏​សម​គួរ​ដែរ​នូវការ​អភិវឌ្ឍ​កន្លងមក​។​ អ៊ីចឹង​ដើម្បី​បង្រួប​បង្រួម​ផ្សះផ្សា​ប្រជាពលរដ្ឋ​នេះ​ ខ្ញុំគិត​ថា ទី​១​ រដ្ឋា​ភិបាល​ត្រូវ​តែកសាង​ជំនឿ​ទុក​ចិត្ត​ប្រជាពលរដ្ឋ​ទាំង​អស់​ឱ្យជឿទុកចិត្ត​ទៅលើ​រដ្ឋាភិបាល​។ ​ការ​ដឹកនាំរបស់​រដ្ឋាភិបាល​នេះ​​គឺ​ជាបញ្ហា​សំខាន់ខ្លាំង»

បើ​តាម​លោក ​យង់ ពៅ​ បច្ចុប្បន្ន​ប្រជាពល​រដ្ឋ​មួយចំនួន​បាត់​បង់​ជំនឿទុកចិត្ត​លើ​រដ្ឋាភិបាល​ដោយសារ​តែការអនុវត្ត​របស់​មន្ត្រីតាមលំដាប់​លំដោយមួយ​ចំនួន​​មានបញ្ហា​​ទៅលើ​ការ​ផ្តល់​សេវា​ជូនប្រជាពលដ្ឋ​​ និង​បញ្ហា​ផ្សេងៗ​ទៀតដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​រង្គៀសចិត្ត​បាត់​បង់​ជំនឿចិត្ត។​«អ៊ីចឹង​ចំណុចសំខាន់​គឺការ​កសាង​ជំនឿចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​មានជំនឿ​ចិត្ត​មក​លើ​រាជរដ្ឋាភិបាល​ឡើង​វិញ»។​

​លោក​ យង់ ពៅ ​លើក​ឡើង​ថា៖ «រដ្ឋាភិបាល​ត្រូវ​តែ​កែទម្រង់​ឱ្យ​ពិតប្រាក​ដស៊ីជម្រៅ​ ហ៊ាន​វះកាត់​ចំពោះមន្ត្រីខិលខូច​​ត្រូវ​តែ​ហ៊ាន​វះកាត់​ ដើម្បី​ផ្តល់​ជំនឿ​ទុក​ចិត្ត​ដល់ប្រជាពលរដ្ឋ»។

​បន្ថែម​ពីនេះ លោក​ថា​ រដ្ឋាភិបាលត្រូវ​តែកែក្នុង​វិស័យ​អប់រំកុមារ​តូច​រហូ​ត​មក​ដល់​មធ្យម​សិក្សា​ឱ្យគាត់​បាន​រៀន​ច្បាស់​លាស់​ប្រាកដប្រជាទៅលើការបណ្តុះ​មនសិការ​ជាតិ​តាម​រយៈ​មុខវិជ្ជា​មួយ​ចំនួន​ដែល​កន្លង​ទៅ​សង្គម​ខ្មែរ​មិនសូវ​ឱ្យ​តម្លៃដូច​ជាបញ្ហា​ប្រវត្តិសាស្ត្រ​ និង​ភូមិ​សាស្ត្រ​​ជាដើម។ ​លោក​បន្ត​ថា លើ​ស​ពីនេះ​រដ្ឋាភិបាល​ត្រូវ​ប្រើ​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នានា​ធ្វើការ​បញ្ច្រាបនូវទ្រឹស្តីបង្រួប​បង្រួម​ជាតិ​របស់​រាជរដ្ឋាភិបាល​ដោយ​ត្រូវ​​ចាត់​​ទុកថា ​ប្រជាពលរដ្ឋ​ទាំង​អស់នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជាហ្នឹង ​គឺ​ជាប្រជាពលរដ្ឋ​កម្ពុជា​ដោយ​មិន​ប្រកាន់​ពណ៌​សម្បុរហើយ​​ត្រូវ​តែមានឱកាស​ទទួលបាន​នូវសមភាពសង្គម​ជាមួយគ្នា។

ប៉ុន្តែ​លោក ប៉ែន បូណា ​ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រាជ​រដ្ឋាភិបាល​បាន​ថ្លែង ​កាល​ពី​ថ្ងៃ​ទី​៩​ ខែ​កញ្ញា​ ថា ការផ្សះផ្សាបង្រួប​បង្រួម​ជាតិ​នេះ​រាជរដ្ឋាភិបាល​ដឹកនាំដោយគណបក្ស​ប្រជាជន​កម្ពុជា ​បាន​​ធ្វើរួច​រាល់​អស់ហើយ​តាំងពីសង្គ្រាម​បែក​បាក់​​ធ្លាក់​​ដល់អំពើ​​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម​​ហើយ​​បាន​ទាញ​ប្រទេស​មក​វិ​ញ។ ​​ក្រោយ​ឆ្នាំ​១៩៧៩ ក៏​នៅមាន​ការ​បែកបាក់​ដោយ​​នៅ​តាម​តំបន់​ព្រំដែន​ថៃ​មាន​ការ​កាន់​កាប់​​ដោយ​ខ្មែរក្រហម​​ និង​ភាគីខ្មែរ​ផ្សេងទៀត​ដោយ​​ចែក​​ជាបក្ខ​ពួក ​និង​​សុទ្ធ​តែ​ប្រដាប់​ទៅ​ដោយ​​អាវុធ​ធ្វើឱ្យ​មាន​​ភាព​អសន្តិសុខ។

លោក​បញ្ជាក់ថា៖ «ប៉ុន្តែក្រោម​នយោបាន ​ឈ្នះ ឈ្នះ គឺ​យើង​បាន​សម្រេច​អស់​ហើយ​​សម្តេច​តេជោលោក​បាន​ធ្វើកិច្ចការ​ងារហ្នឹង​អស់​ហើយ ឆ្នាំ១៩៩៨ ខ្មែរ​តែមួយ​ចូល​មក​បង្រួប​បង្រួម​គ្នា​ដាក់​អាវុធ​ចុះដូរសម្លៀក​បំពាក់​ចូល​មកក្នុង​រាជរដ្ឋាភិបាល​តែមួយ​​រស់ក្រោម​ដំបូល​​រដ្ឋធម្ម​នុញ្ញ​តែមួយ»​​។

លោកបន្តថា ចាប់តាំង​ពី​ឆ្នាំ១៩៩៨​មក ​កម្ពុជា​​មាន​ដែន​ដី​តែមួយគ្រប់​គ្រង​ដោយរាជ​រដ្ឋាភិបាល​​តែមួយ​យោធាតែ១​។ «អ៊ីចឹងនេះគឺ​ជាការ​បង្រួប​បង្រួម​ជាតិ​ធំណាស់ផ្សះផ្សាជាតិ​ធំណាស់​នយោបាយឈ្នះឈ្នះនេះ»។​ លោកបន្តថា ឥឡូវ​នេះ​បើ​និយាយ​ពីក្របខណ្ឌ​ទូទៅ​ក្នុង​របប​ប្រជាធិបតេយ្យ​សេរីពហុបក្ស​ការ​យល់ខុសគ្នា​ទស្សនៈ​ខុសគ្នា​មិន​មែនជាការ​បែកបាក់​ជាតិ​ទេ។​

ប៉ុន្តែក្នុង​ក្របខណ្ឌ​ចង្អៀត​​​​​មានក្រុម​ប្រឆាំង​ជ្រុលនិយម​១ក្តាប់​តូចគឺ​អត់​អាច​បង្រួប​បង្រួម​ជាមួយ​ពួកគេ​បាន​ទេ​​«ដោយសារ​ពួកគេធ្វើនយោបាយបែបឧទ្ទាម​ទៅ​ហើយ​ឥឡូវនេះ»។ «អ៊ីចឹង​យើង​ឃើញ​ហើយ​​វប្បធម៌​សន្ទនា​ក៏​ត្រូវ​បាន​បំផ្លាញហើយ​ឥឡូវ​នេះ​រហូត​ដល់​គេធ្វើនយោបាយ​លែង​ជាន​យោបាយហើយ​គឺ​ទៅ​ជាបែបជ្រុលនិយម​យើង​ហៅចឹង ! អ៊ីចឹង​កាលណា​ជ្រុលនិយម​ហើយ​យើង​អត់​អាច​ផ្សះ​ផ្សាបង្រួប​បង្រួមអីគ្នា​បាន​ទេ»។

លោក​បញ្ជាក់​ទៀតថា​៖ «បើនិយាយ​ពីការ​បែក​បាក់​​អត់​មានទេ​មាន​តែក្រុម​១ក្តាប់​តូច​ដែល​និយាយ​តាម​ហ្វេសប៊ុក​​វ៉ិកវ៉ក់​​រាល់​ថ្ងៃពីក្រៅ​ប្រទេសអី​ហ្នុង​ប៉ុណ្ណឹង! អ៊ីចឹង​វាមាន​អី​ម៉ោបែក​បាក់?»

បើ​តាម​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ​ក្នុងការ​បង្ក្រាប​ចលនា​​ដែលទាមទារ​ឱ្យ​រដ្ឋាភិបាល​​ដកខ្លួនចេញ​ពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណកម្ពុជា ឡាវ វៀត​ណាម( CLV) សមត្ថកិច្ច​បានចាប់ឃាត់​​ខ្លួនមនុស្ស​៦៦​នាក់​ក្នុង​នោះ​មេខ្លោង៩នាក់​ត្រូវ​បាន​បញ្ជូន​ទៅតុលាការ ខណៈ៥៧នាក់បាន​ធ្វើការ​អប់រំ និងដោះលែងវិញ។ ប៉ុន្តែ​បើតាមរបាយការណ៍​របស់អង្គការ​លើកលែងទោសអន្តរជាតិ (Amnesty International) និង​អង្គការឃ្លាំមើល​សិទ្ធិ​មនុស្ស (Human Rights Watch) អាជ្ញាធរកម្ពុជា​បានចាប់ខ្លួនអ្នកប្រឆាំងគម្រោង CLV យ៉ាង​ហោចណាស់៩៤នាក់។

​លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក បាន​សម្តែង​​ការ​ព្រួយ​បារម្ភ​ដោយ​ថ្លែង​​ថា កាន់​តែមាន​ការ​បែកបាក់នៅ​​​ពេល​ដែល​រដ្ឋាភិបាល​ថ្មី ​នៅ​តែ​មាន​ការ​បន្ត​​ចាប់​​ឃុំ​ខ្លួនក្រុម​អ្នក​ដែល​មានសំឡេងមិនស្រប​ជាមួយ​រដ្ឋាភិបាល។

លោកថ្លែងថា ៖​ «​យើង​ឃើញថា កាន់​តែធ្វើឱ្យ​មាន​​ការ​បែកបាក់​នូវសាមគ្គី​ភាព​នូវការឯកភាពជាតិ​រវាង​ទស្សន​​គណបក្ស​នយោ​បាយ​​ប្រឆាំង​​មិនមានការ​ស្រុះស្រួលមិន​មានការ​ផ្សះផ្សាបង្រួប​បង្រួម​ជាតិ​​ស្របតាម​គោលការណ៍​ស្រប​តាម​ខ្លឹមសារ​ស្មារតី​នៃរដ្ឋធម្ម​នុញ្ញទេ»។

លោក​ នី សុខា ​បាន​លើក​ឡើង​​ថា កម្លាំង​របស់​គណបក្ស​ប្រឆាំង​អ្នក​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង​​កន្លង​មកនេះគឺ​មាន​រាប់​លាននាក់​មិន​មែន​តិចតួចទេ​ ហើយ​​នៅ​ពេល​​ដែលមានការ​ប្រទូស្តរាយគ្នា​ខាងទស្សន​​នយោបាយ​​​ដែល​មិនស្របគ្នា​ឃើញមានការ​បែងចែក​រវាង​ប្រជា​ពលរដ្ឋ​ដែល​ប្រកាន់​នយោបាយប្រឆាំង​និង​ប្រជាពលរដ្ឋ​ដែល​ប្រកាន់​នយោបាយ​ស្រប​ជាមួយ​នឹងរដ្ឋាភិបាល​ហាក់​បីដូច​ជាមាន​ទស្សនបែកបាក់គ្នា​កាន់តែធំទៅ​ធំទៅ​។

លោក​ថ្លែង​​ថា៖ «​ហី​នេះ​ហើយ​​ជារឿង​មួយ​ដែល​យើង​មានការ​ព្រួយ​បារម្ភ​ណាស់ទៅថ្ងៃ​អនាគត​ចំពោះ​ប្រទេស​ជាតិ​យើង​ដែលមិនមាន​ការ​សាមគ្គីភាព​មិនមានការ​ឯកភាព​ជាតិ​តែ១ នេះ​គឺថា​ជា​ធម្មតានៅ​ពេល​ដែល​ប្រទេស១​ដែល​ប្រជាពលរដ្ឋ​មានការ​បែកបាក់​​ឬក៏អ្នក​នយោបាយ​មានការ​បែកបាក់​សាមគ្គីគ្នាគឺ​ជារឿង​១ដែល​មានវិបត្តិធំណាស់​មិន​មែន​ជារឿង​១ល្អសម្រាប់​ប្រទេស​ជាតិ​១ទេ​»

​បន្ថែម​ពីនេះ​ក្នុង​នាមជាអ្នក​ធ្វើការលើ​វិស័យ​ប្រជាធិបតេយ្យ ​និងសិទ្ធិមនុស្ស​ម្នាក់ ​លោក ​ប៉ា ចន្ទ​រឿន ​មើលឃើញថា៖ «ដំបៅ​ ឬក៏បំណែក​នៃការ​បែកបាក់​ប្រេះឆានៅក្នុង​សង្គមខ្មែរ​ជាពិសេស គឺនៅក្នុង​ចំណោម​អ្នកនយោ​បាយខ្មែរហ្នឹង​ហាក់​បីដូច​ជាចាប់​ផ្តើម​ឡើង​វិញ»។

លោក​បន្តថា ការបែកបាក់​នេះស្តែងចេញឱ្យឃើញកាន់​តែច្បាស់​នៅ​ពេល​ដែល​​មាន​ទស្សនខ្វែងគំនិត​គ្នា​កាន់តែធំរវាង​អ្នក​នយោបាយ​និងសកម្ម​ជននយោ​បាយ​សំខាន់ៗ​មួយ​ចំនួន​ទាក់​ទងនឹងរឿងគម្រោង​ព្រែកជីកហ្វូណនតេជោ​និង​ករណី​គម្រោង​​អភិវឌ្ឍន៍តំបន់​ត្រីកោណរវាង​កម្ពុជា ឡាវ វៀតណាម ជាដើម។

​លោក​ថ្លែង​ទៀតថា៖ «ហេតុនេះ​កម្ពុជា​ត្រូវការ​យន្តការ​ដើម្បី​លើក​កម្ពស់ការផ្សះផ្សាជាតិ​និងសាមគ្គីជាតិដោយ​ត្រូវ​ជំរុញឱ្យមានការបណ្តុះនូវ​វប្បធម៌ប្រជាធិបតេយ្យសេរីការ​ធ្វើ​នយោ​បាយ​បែប​បរិយាប័ន្ន​ក៏ដូច​ជាការ​លើកកម្ពស់ការ​គោរពសិទ្ធិមនុស្ស និង​ធានា​បាននូវយុត្តិធម៌​សង្គម​ដើម្បីកាត់​បន្ថយ​នូវគម្លាតផ្នែកនយោ​បាយ សេដ្ឋ​កិច្ច និងសង្គមផងដែរ»។

សម្រាប់​លោក ​អ៊ូ ច័ន្ទ​រ័ត្ន វាមិនពិបាក​ពេក​ទេ ក្នុងការ​បង្រួប​បង្រួម​ផ្ទៃក្នុង​ជាតិ​ខ្មែរ ​ដើម្បី​ស្វែងរកការ​ឯកភាពជាតិផ្សះផ្សា​ជាតិ ឱ្យតែអ្នក​ដឹកនាំនយោ​បាយខ្មែរ​​គ្រប់​ភាគី​មានឆន្ទៈ​នយោបាយ​​ច្បាស់លាស់ដោយ​ចាត់​ទុក​ផល​ប្រយោជន៍​ជាតិ គឺ​ជារឿងសំខាន់សម្រាប់​ទាំងអស់គ្នា។ សម្រាប់​រូបលោក លោក​គិត​ថា បើសិនប្រទេសកម្ពុជា​ជ្រើសរើស​យក​លទ្ធិប្រជាធិបតេយ្យដើម្បីគ្រប់គ្រង​ជាតិ​ទៅ​ហើយ​«ដូច្នេះយើង​ត្រូវគោរពទៅតាម​គោល​ការណ៍ប្រជាធិបតេយ្យ និងគោលការណ៍​សិទ្ធិមនុស្ស​ហ្នឹង​ឱ្យបាន​ច្បាស់លាស់» ហើយ​ត្រូវ​​មានជំហាន​មួយក្នុងការ​សម្រប​សម្រួលផ្សះផ្សាជាតិ។ ជំហានទី២ យើង​ត្រូវ​តែមានការ​ស្រុះស្រួលគ្នា​ទៅលើ​គោល​នយោបាយ​ជាតិធំៗ។

​លោក អ៊ូ ច័ន្ទរ័ត្ន បន្ថែម​ថា៖ «ដូចជារឿងថ្មីៗ​នេះអី​​រឿង CLV​ ក្តី រឿងអីក្តីនេះ ទាល់​តែយើង​ស្រុះស្រួលគ្នាហើយ​ជាគោល​នយោបាយ​មួយ​ដែល​យើង​ត្រូវតែមានការឯកភាពពីគ្រប់ភាគី ហើយ​បើមិនដូច្នោះ​ទេ​ យើង​អាច​យក​ប្រជាពលរដ្ឋ​ជាធំ យើង​អាច​ធ្វើប្រជាមតិដើម្បីឱ្យអ្នកនយោបាយស្រុះស្រួលគ្នា​។ អ៊ីចឹងហើយ​បានជាខ្ញុំ​លើក​ឡើង​ថា ​ទាល់​តែមានគោលការណ៍​ច្បាស់លាស់​ដើម្បីជាឧបករណ៍ធ្វើឱ្យខ្មែរ​ទាំង​អស់ស្រុះ​ស្រួលគ្នា»

276 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម