ក្រុមហ៊ុនដឹកជញ្ជូន និងអ្នកវិភាគ ព្រមានពីការរំខានដល់ពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៅទីប្រជុំជនតាមតំបន់ព្រំដែន បន្ទាប់ពីអាជ្ញាធរថៃបានកាត់បន្ថយពេលវេលាបិទបើកច្រកព្រំដែនគោកសំខាន់ៗជាមួយប្រទេសកម្ពុជា ក្រោមហេតុផលក្តីបារម្ភផ្នែកសន្តិសុខ។
ភាពតានតឹងបានកើនឡើងបន្តិចម្តងៗចាប់តាំងពីមានការប៉ះទង្គិចគ្នាមួយប្រាវនៅព្រំដែនកាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅ ដែលបណ្តាលឱ្យទាហានកម្ពុជាម្នាក់បានបាត់បង់ជីវិត។ ខណៈភាគីទាំងពីរបានអំពាវនាវឱ្យមានការចរចារផ្នែកការទូត ប្រទេសថៃកាលពីថ្ងៃសៅរ៍សប្តាហ៍មុនបានកាត់បន្ថយអស់ជាច្រើនម៉ោងនូវពេលវេលាបើកបិទច្រកទ្វារព្រំដែនមួយចំនួនជាមួយប្រទេសកម្ពុជា។
ចំណាត់ការនេះបានធ្វើឡើង បន្ទាប់ពីមានការកើនឡើងចំនួនកងទ័ពនៅតាមព្រំដែនទាំងសងខាង និងបន្ទាប់ពីការប្រកាសរបស់កម្ពុជាថានឹងយកករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ដែលកាត់ក្តីឱ្យកម្ពុជាឈ្នះក្តីនៅឆ្នាំ១៩៦២និងម្តងទៀតនៅឆ្នាំ២០១៣។ មន្រ្តីថៃ បានហៅចំណាត់ការរបស់ភាគីកម្ពុជានេះថាបណ្តាលឱ្យបញ្ហាកាន់តែតានតឹងថែមទៀត ហើយថាខ្លួនមិនទទួលស្គាល់យុត្តាធិការរបស់តុលាការអន្តរជាតិនេះទេ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីថ្ងៃអង្គារ បានបង្កើតគណៈកម្មការរៀបចំឯកសារដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី នេះ។
រដ្ឋាភិបាលប្រទេសទាំងពីរ បានព្រមព្រៀងគ្នាប្រជុំគណៈកម្មាធិការព្រំដែនចម្រុះ ដែលជាយន្តការដ៏យូរអង្វែងសម្រាប់ដោះស្រាយជម្លោះព្រំដែន នៅរាជធានីភ្នំពេញ នាថ្ងៃទី១៤ ខែមិថុនា សប្តាហ៍នេះ។
ប្រទេសថៃ មានច្រកព្រំដែនចំនួន១៧ ជាមួយខេត្តចំនួន៧របស់ប្រទេសកម្ពុជាតាមបណ្តោយព្រំដែនប្រវែង៨១៧គីឡូម៉ែត្ររបស់ប្រទេសទាំងពីរ។ រហូតមកដល់ពេលនេះ ក្នុងចំណោមច្រកព្រំដែនទាំង១៧នោះ មាន១០ត្រូវបានភាគីថៃកាត់បន្ថយពេលវេលាបិទបើកច្រកព្រំដែន។
ច្រកអន្តរជាតិអូរស្មាច់ និងច្រកទ្វារអន្តរជាតិជាំ ក្នុងខេត្តឧត្តរមានជ័យ បើកដំណើរការតែ៣ថ្ងៃក្នុងមួយសប្តាហ៍ប៉ុណ្ណោះ គឺចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៣រសៀល។ ច្រកជប់គគីរ ក្នុងខេត្តខេត្តឧត្តរមានជ័យ ដដែលកំណត់បើកត្រឹមតែបីថ្ងៃដូចគ្នា ប៉ុន្តែចាប់ពីម៉ោង ១០ព្រឹក ដល់ថ្ងៃត្រង់ប៉ុណ្ណោះ។ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកទ្ធារអន្តរជាតិស្ទឹងបត់ ដែលជាច្រកឆ្លងកាត់ដ៏សំខាន់សម្រាប់ពាណិជ្ជកម្មតាមផ្លូវគោកភាគច្រើនរវាងប្រទេសទាំងពីរ បានកាត់បន្ថយម៉ោងបិទបើកដូចគ្នាពោលគឺពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៤ រសៀល ខណៈច្រកទ្វារអន្តរជាតិចាំយាម ក្នុងខេត្តកោះកុង នៅតែបើកជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៤ រសៀល។
មុនពេលមានជម្លោះ ច្រកព្រំដែនភាគច្រើន ជាពិសេសច្រកទ្វារអន្តរជាតិដែលបើកបម្រើឱ្យអ្នកកាន់លិខិតឆ្លងដែនទាំងអស់ និងសម្រួលការចេញចូលឆ្លងកាត់ព្រំដែន បានបើកដំណើរការចាប់ពីម៉ោង៦ព្រឹករហូតដល់ម៉ោង១០យប់ជារៀងរាល់ថ្ងៃ។

អ្នកដំណើរកម្ពុជាដែលឆ្លងកាត់ច្រកទ្វារព្រំដែនទាំងនេះ ឬប៉ុស្តិ៍ត្រួតពិនិត្យតាមតំបន់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចេញចូលតែ៧ថ្ងៃប៉ុណ្ណោះ ទោះបីពួកគេប្រើលិខិតឆ្លងដែន ឬបណ្ណព្រំដែនក៏ដោយ។ ករណីនេះ ជាការផ្លាស់ប្តូរយ៉ាងសំខាន់មួយក្នុងបរិបទអាស៊ាន ដោយសារតែកាលពីមុនក្នុងក្របខណ្ឌសមាជិកអាស៊ាន អ្នកដំណើរអាចអនុញ្ញាតឱ្យស្នាក់នៅដោយគ្មានទិដ្ឋាការរហូតដល់៦០ថ្ងៃ។
បើទោះបីជាចុងក្រោយព្រំដែននៅតែបើកក៏ដោយ សម្រាប់អ្នកវិភាគផ្នែកពាណិជ្ជកម្មខ្លះ ព្យាករណ៍ហើយថា ការកាត់បន្ថយពេលវេលាបិទបើកច្រកព្រំដែនរវាងប្រទេសទាំងពីរកំពុងធ្វើឱ្យរាំងស្ទះ និងរំខានជាមួយក្តីបារម្ភពីបញ្ហាទីផ្សារដែលអាចប្រឈមនឹងការផ្លាស់ប្តូរដែលគួរឱ្យកត់សម្គាល់ចំពេលដែលមានឱនភាពពាណិជ្ជកម្មស្រាប់ទៅហើយនោះ។ ការព្យាករណ៍ទាំងនេះក៏ហាក់បីដូចជាមានហេតុនយោបាយនៅពីក្រោយផងដែរ។
លោក ហុង វណ្ណៈ អ្នកវិភាគសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានថ្លែងថា៖ «កម្ពុជាប្រើប្រាស់ទំនិញថៃច្រើនជាងថៃប្រើប្រាស់ទំនិញខ្មែរយើង។ ដូច្នេះកន្លែងហ្នឹងជាការខាតបង់ធំណាស់របស់ប្រទេសថៃ»។ លោកក៏បានបន្ថែមផងដែរថា កម្ពុជាក៏អាចរកទីផ្សារផ្សេងទៀតមកជំនួសទីផ្សារថៃបានយ៉ាងងាយស្រួលដែរតួយ៉ាងដូចជាវៀតណាមនិងចិនជាដើម។
របាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងថៃបានកើនដល់ ១,៨៧ ពាន់លានដុល្លារចាប់ពីខែមករាដល់ខែឧសភា។ ក្នុងរយៈពេល៥ខែនេះ កម្ពុជាបាននាំចេញទំនិញទៅថៃក្នុងតម្លៃ ៣៩៥ លានដុល្លារ ខណៈការនាំចូលពីថៃមានតម្លៃសរុបរហូតដល់១,៤៨ ពាន់លានដុល្លារ។
កាលពីខែមុន ប្រទេសទាំងពីរថែមទាំងបានបញ្ជាក់ឡើងវិញនូវគោលបំណងរបស់ខ្លួនក្នុងការសម្រេចឱ្យបាន ១៥ ពាន់លានដុល្លារសម្រាប់ទំហំពាណិជ្ជកម្មទ្វេភាគីត្រឹមឆ្នាំ ២០២៧។
យោងតាមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសថៃភាគច្រើនជាវត្ថុធាតុដើម និងកសិផលមិនទាន់កែច្នៃ ខណៈដែលការនាំចូលពីប្រទេសថៃរួមមាន ម្ហូបអាហារ ទំនិញប្រចាំថ្ងៃ គ្រឿងចក្រ យានជំនិះ ជីសិកម្ម និងសម្ភារសំណង់។
ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ «ក្នុងករណីទំនិញនាំចូលកម្ពុជាមិនបាន សូមប្រជាជនថៃដោះស្រាយជាមួយរដ្ឋាភិបាលរបស់ខ្លួនដោយខ្លួនឯង ព្រោះអ្នកដែលខាតគឺប្រជាជនថៃនោះឯង»។ លោកក៏បានដកស្រង់របាយការណ៍ថាកម្ពុជាមានឱនភាពពាណិជ្ជកម្មជាមួយថៃរហូតដល់៤,១ពាន់លានដុល្លា។
លោក Jiraphant Asvatanakul អនុប្រធានសភាពាណិជ្ជកម្មថៃបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា វាឆាប់ពេកក្នុងការវាយតម្លៃពីផលប៉ះពាល់ដែលបណ្តាលមកពីជម្លោះនៅព្រំដែន ប៉ុន្តែលោកបានថ្លែងថា តម្លៃនៃការនាំចេញប្រចាំថ្ងៃរបស់ប្រទេសថៃកាលពីមុនមានប្រហែល១៥លានដុល្លារ ហើយថាមានការធ្លាក់ចុះខ្លះនៅក្នុងតួលេខនោះ។
លោក Surachet Maneepong អ្នកគ្រប់គ្រងទូទៅនៅក្រុមហ៊ុន Logicam Leo Cambodia ដែលជាក្រុមហ៊ុនដឹកជញ្ជូនរបស់ប្រទេសថៃបាននិយាយថា ការបន្ថយពេលវេលាបិទបើកច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ក្លងលឹក បានរំខានដល់កាលវិភាគនិងពន្យារពេលដឹកជញ្ជូនសម្រាប់អាជីវកម្មថៃ។
លោកបានបន្តថា៖ «ក្រុមហ៊ុនដែលប្រតិបត្តិការក្នុងប្រទេសកម្ពុជាដែលពឹងផ្អែកលើការដឹកជញ្ជូនទាន់ពេលវេលាពីប្រទេសថៃ ជាពិសេសផ្នែកអាហារ ភេសជ្ជៈ និងការលក់រាយ កំពុងប្រឈមនឹងការខ្វះខាតស្តុក និងការពន្យារពេលប្រតិបត្តិការ»។
ក្រុមហ៊ុនដឹកជញ្ជូនមួយចំនួនបានប្តូរទិសដៅឆ្លងកាត់ច្រកព្រំដែនផ្សេងវិញដូចជាទៅច្រកទ្វារអន្តរជាតិអូស្មាច់ជាដើម ប៉ុន្តែលោក Maneepong បាននិយាយថាក្រុមហ៊ុនទាំងនោះក៏នៅតែប្រឈមមុខនឹងសមត្ថភាពមានកម្រិត និងភាពយឺតយ៉ាវក្នុងការទូរទាត់ពន្ធ។ លោកបានបន្ថែមថាឥឡូវនេះ ដើម្បីដោះស្រាយបញ្ហាក្រុមហ៊ុនកំពុងរៀបចំកាលវិភាគដឹកជញ្ជូនឡើងវិញ ដឹកជញ្ជូនរួមគ្នា ឬក៏បង្កើនការស្តុកទំនិញនៅក្នុងស្រុកបន្ថែមទៀត។
លោកបានឱ្យដឹងទៀតថា៖ «មិនមានពាក្យពេចន៍ផ្លូវការណាមួយដែលភាគីទាំងពីរថារឿងទាំងអស់ហ្នឹងនឹងត្រលប់មកជាធម្មតាវិញនៅពេលណានោះឡើយ»។ លោកបានជំរុញឱ្យរដ្ឋាភិបាលទាំងពីររក្សាការជជែកគ្នាដោយបើកចំហពីបញ្ហានេះ។
លោកបានបន្ថែមថា៖ «រដ្ឋាភិបាលទាំងពីរគួរតែរួមគ្នាបង្កើតយន្តការឆ្លើយតបវិបត្តិទ្វេភាគី ដោយមានការចូលរួមពីមន្ត្រីព្រំដែន និងតំណាងក្រុមហ៊ុនដែលពាក់ព័ន្ធ សម្រាប់ការសម្របសម្រួលជាក់ស្តែង» ។ លោកបានបន្ថែមទៀតថា៖ «ការជូនដំណឹងជាមុនច្បាស់លាស់តាមបែបពិធីការគួរតែត្រូវបានអនុវត្ត ដើម្បីជូនប្រាប់ដល់អាជីវកម្មពីការរំខានណាមួយនាពេលអនាគត»។
ទោះជាយ៉ាងណា មន្ត្រីកម្ពុជាបានឆ្លើយតបដោយបន្ធូរស្ថានការណ៍នៃក្តីបារម្ភទាំងនេះ។
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងថា លោកមិនបានទទួល«ពាក្យបណ្តឹងផ្លូវការ» ណាមួយពីកម្មករ ឬក្រុមហ៊ុនណាមួយឡើយ ជុំវិញបញ្ហាទាំងនេះ។
លោកបានបន្តថា៖ «រហូតមកដល់ពេលនេះមិនមានសញ្ញានៃការធ្លាក់ចុះឬការត្អូញត្អែរទាក់ទងនឹងបញ្ហានេះទេ ដោយសារក្រុមអាជីវករកំពុងតែអនុវត្តន៍តាមពេលវេលាចេញចូលថ្មីដែលភាគីទាំងសងខាងបានកំណត់។ ភាគីទាំងពីរមិនបានប្រកាសពីការបញ្ឈប់ការធ្វើពាណិជ្ជកម្មទេ មានតែការកាត់បន្ថយម៉ោងបើកច្រកព្រំដែនប៉ុណ្ណោះ»។
លោក សុវិជាតិ បានថ្លែងថា ពាណិជ្ជករគ្រាន់តែត្រូវរៀបចំផែនការឱ្យល្អជាងនេះប៉ុណ្ណោះ ហើយទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរអាចបន្តដូចធម្មតា ប្រសិនបើភាពតានតឹងមិនកាន់តែអាក្រក់ទៅៗទេ។
ប៉ុន្តែសម្រាប់ពាណិជ្ជករតូចតាច និងកម្មករឆ្លងដែន ពេលវេលាធ្វើដំណើរខ្លី និងការកំណត់ចូលរយៈពេលប្រាំពីរថ្ងៃ កំពុងរំខានដល់កាលវិភាគការងាររបស់ពួកគេរួចហើយ។
លោក Pavin Chachavalpongpun សាស្ត្រាចារ្យនយោបាយ និងទំនាក់ទំនងអន្តរជាតិ នៅមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍នៃសាកលវិទ្យាល័យក្យូតូ មានប្រសាសន៍ថាក្រុមដែលងាយរងគ្រោះហាក់បានទទួលផលប៉ះពាល់រួចទៅហើយមុនក្រុមអ្នករកស៊ី។ លោកបានបន្ថែមថា ការកើនឡើងនៃភាពតានតឹងតាមព្រំដែនហាក់ដូចជាការយល់ឃើញរបស់ប្រទេសថៃចំពោះការព្រួយបារម្ភខាងផ្នែកនយោបាយ និងសន្តិសុខ។
លោកបានថ្លែងថា៖ «ប្រជាជនក្នុងសហគមន៍ទាំងនេះពឹងផ្អែកខ្លាំងលើពាណិជ្ជកម្មប្រចាំថ្ងៃ ពាណិជ្ជកម្មក្រៅផ្លូវការ និងការងារឆ្លងព្រំដែន»។ លោកបានលើកឡើងទៀតងថា៖ «ការកាត់បន្ថយម៉ោងប្រតិបត្តិការ[បើកបិទច្រកព្រំដែន] ដោយផ្ទាល់វាបានកាត់បន្ថយប្រាក់ចំណូល ដោយសារពាណិជ្ជករមិនអាចផ្លាស់ទីទំនិញដោយសេរី អ្នកធ្វើការប្តូរកម្លាំងយកប្រាក់ឈ្នួលប្រចាំថ្ងៃមិនអាចឆ្លងកាត់ព្រំដែនទៅធ្វើការងារនៅកំណត់ណាមួយ ហើយអាជីវកម្មខ្នាតតូចតាមព្រំដែនត្រូវបានប៉ះពាល់ភ្លាមៗ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Trade Snags, Economic Concerns After Thai Border Restrictions









