តំណាងសហភាពសហជីព និងសហព័ន្ធសហជីពប្រមាណ២០០ បានចោទប្រកាន់អង្គការការពារសិទ្ធិកម្មករឯករាជ្យដ៏លេចធ្លោចំនួនពីរ ថាបានញុះញង់សមាជិករបស់ខ្លួនឱ្យចាកចេញ និងបង្កើតសហជីពថ្មី។ ការអះអាងនេះត្រូវបានបដិសេធ ដោយអង្គការមួយក្នុងចំណោមពីរដោយបានលើកឡើងថាខ្លួនមិនដែលបានបណ្តុះបណ្តាលសមាជិកនៃសហជីពហត្ថលេខីណាមួយក្នុងញត្តិនោះទេ ដែលភាគច្រើនជាសហជីពមានទំនាក់ទំនងជាមួយរដ្ឋាភិបាល ឬគណបក្សកាន់អំណាច។
លិខិតពីរផ្សេងគ្នាត្រូវបានផ្ញើនៅថ្ងៃចន្ទទី២៨វិច្ឆិកាទៅកាន់មជ្ឈមណ្ឌលអាមេរិកសម្រាប់សាមគ្គីភាពការងារអន្តរជាតិ (ACILS) និងមជ្ឈមណ្ឌលសម្ព័ន្ធភាពនិងសិទ្ធិមនុស្ស (CENTRAL) ដោយចោទប្រកាន់ថាអង្គការទាំងពីរបំបែកសាមគ្គីភាពក្នុងចំណោមសមាជិកសហជីពរបស់ពួកគេ។ ក្នុងលិខិតនោះ ភាគីហត្ថលេខីបានអះអាងថា ក្នុងអំឡុងពេលបណ្តុះបណ្តាលដែលរៀបចំដោយ CENTRAL និង ACILS តំណាងសហជីពត្រូវបានជំរុញឱ្យចាកចេញពីសហជីពរបស់ពួកគេ ហើយបង្កើតសហជីពថ្មី ដោយត្រូវបានសន្យាថានឹងមានការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ។
ញត្តិនោះ បានសរសេរថា៖ «យើងទាំងអស់គ្នាកំពុងបន្តតាមដានយ៉ាងយកចតិត្តទុកដាក់ខ្ពស់បំផុត ចំពោះសកម្មភាពរបស់ CENTRAL ហើយប្រសិនបើគ្មានការបញ្ឈប់នូវចេតនាទុច្ចរិតទេ យើងទាំងអស់នឹងចាត់វិធានការហ្មត់ចត់ ដោយប្តឹងទៅក្រសួង និងអាជ្ញាធរពាក់ព័ន្ធ»។ ញត្តិដដែលបានបន្តថាករណីនេះធ្វើឱ្យអំណាចសហជីពចុះខ្សោយ និងប៉ះពាល់ដល់ការការពារនិយោជិក។
លោក សួង ហួត ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) ដែលបានចុះហត្ថលេខាលើញត្តិនោះបានប្រាប់ខេមបូចាថាលិខិតនោះមានគោលបំណង៖ «គ្រាន់តែជាការព្រមានសម្រាប់អង្គការទាំងនោះពិចារណាឡើងវិញ»។
លោកបដិសេធមិនផ្តល់ភស្តុតាងដែលថាអង្គការទាំងពីរបានប្រើយុទ្ធសាស្រ្តបែបណាដើម្បីអូសទាញសមាជិកសហជីពរបស់លោកនោះទេ ដោយលោកបាននិយាយថាសហជីពកំពុងតែប្រមូលភស្តុតាងដើម្បីចែករំលែកដល់សាធារណជន។
លោកបានបន្តថា៖ «ខ្ញុំមិនទាន់អាចផ្តល់ភស្តុតាងនេះបាននៅឡើយទេ។ ប៉ុន្តែសម្រាប់ឯកសារ និងភស្តុតាងយើងបានរកឃើញមាននៅក្នុងដៃហើយ ខណៈដែលក្រុមការងារក៏កំពុងប្រមូលបន្ថែមទៀត»។
អ្នកស្រី ទេព គឹមវណ្ណារី ប្រធានសហភាពសហជីពកម្ពុជាជាហត្ថលេខីក្នុងញត្តិនោះដែរ បានបន្ទរការអត្ថាធិប្បាយរបស់លោក ហួត ដោយថា វគ្គបណ្តុះបណ្តាលដែលរៀបចំដោយ ACILS និង CENTRAL ជាទៀងទាត់នាំឱ្យមានការប្រេះឆាក្នុងចំណោមសហជីពរបស់ខ្លួន។
អ្នកស្រីបានថ្លែងថា៖ «ខ្ញុំមិនដឹងថាប៉ុន្មានទេ [សមាជិកសហជីពដែលត្រូវបានគេបញ្ចុះបញ្ចូល] ខ្ញុំមិនដឹងទេ។ ប៉ុន្តែភាគច្រើនដូចបន្ទាប់ពី [មន្ត្រីសហជីព] ត្រឡប់មកពីវគ្គបណ្តុះបណ្តាលវិញ វាមានបញ្ហានៃការបែកបាក់គ្នា»។
អ្នកស្រីបាននិយាយថាមិនដឹងថាមានមនុស្សប៉ុន្មាននាក់ដែលត្រូវបានបញ្ចុះបញ្ចូលឱ្យបង្កើតសហជីពថ្មី ឬក៏មិនដឹងដែរការបញ្ចុះបញ្ចូលបែបនេះកើតឡើងនៅពេលណានោះទេ ដោយអ្នកស្រីបានបន្ថែមថាអ្នកស្រីគ្រាន់តែដឹងថាមានការប្រេះឆាក្នុងក្រុមបន្ទាប់ពីពួកគេត្រឡប់មកពីចូលរួមវគ្គបណ្តុះបណ្តាលវិញ។
លោក មឿន តុលា នាយកប្រតិបត្តិអង្គការ CENTRAL បានច្រានចោលការចោទប្រកាន់នេះ ដោយនិយាយថាពួកគេមិនដែលញុះញង់នរណាម្នាក់ឱ្យបង្កើតសហជីពផ្ទាល់ខ្លួនរបស់ពួកគេឡើយ ហើយថែមទាំងមិនដែលបានបណ្តុះបណ្តាលសមាជិកនៃក្រុមសហជីពនិងសហព័ន្ធណាមួយដែលជាហត្ថលេខីក្នុងចំណោមក្រុមហត្ថលេខីទាំង ២០០ នោះដែរ។
លោកថ្លែងថា៖ «យើងមិនមានគោលការណ៍បំបែកសហជីពទេ ដូច្នេះការចោទប្រកាន់គឺខុសទាំងស្រុង»។
លោកបានមានប្រសាសន៍បន្តថា៖ «យើងមិនធ្វើការជាមួយសហជីពដែលស្ថិតក្រោមឥទ្ធិពលរបស់គណបក្សនយោបាយ [CPP] ទេ ដូច្នេះក្រោមហេតុផលហ្នឹងយើងគ្មានគម្រោង និងសកម្មភាពដើម្បីធ្វើការជាមួយសហជីពទាំងនោះទេ»។
លោកបានកត់សម្គាល់ថា ការចោទប្រកាន់នេះធ្វើឡើងដោយសហជីពដែលមានសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនតែប៉ុណ្ណោះ ហើយធ្វើឡើងក្រោមហេតុផលនយោបាយ និងមានបំណងបង្អាក់ការងាររបស់អង្គការឯករាជ្យដែលការពារសិទ្ធិ។
លោក តុលា បានថ្លែងថា៖ «ការចោទប្រកាន់ថាបុគ្គលិកនៅ CENTRAL ថាបានបញ្ចុះបញ្ចូលសមាជិករបស់ពួកគេឱ្យបង្កើតសហជីពថ្មីមួយ ខ្ញុំរកឃើញថាគ្មានអ្វីពិតនៅក្នុងនោះទេ»។
លោកបានមានប្រសាសន៍ថា៖ «ខ្ញុំបានមើលឃើញថាវាមានចេតនាជាកលល្បិចនយោបាយដើម្បីគំរាមកំហែង និងធ្វើទុក្ខបុកម្នេញដល់អង្គការ និងសមាគមដែលបានធ្វើការដើម្បីបម្រើសង្គម និងផលប្រយោជន៍កម្មករ និងការការពារសិទ្ធិមនុស្ស»។
ជាមួយគ្នានេះ សារព័ត៌មាន Fresh News បានចុះផ្សាយអត្ថបទមួយកាលពីថ្ងៃព្រហស្បតិ៍ថា យុទ្ធសាស្ត្រដែលមានចែងក្នុងលិខិតរបស់សហជីពដែលបានចុះហត្ថលេខានោះ គឺដូចគ្នាទៅនឹងការប្រើប្រាស់ដោយលោក កឹម សុខា ដែលបង្កើតក្រុមអង្គការសិទ្ធិមនុស្ស CCHR គណបក្សសិទ្ធិមនុស្ស និងគណបក្សសង្គ្រោះជាតិ ដែលអត្ថបទអះអាងថាជាយុទ្ធសាស្រ្តក្នុងការព្យាយាមបង្កើតបដិវត្តន៍ពណ៌។
អត្ថបទនេះក៏បានអះអាងដែរថា CENTRAL កំពុងជួយកូដករណាហ្គាវើលដ៍ ទទួលបានមូលនិធិពីប្រភពផ្សេងៗ។
មន្ត្រីតុលាការបាននិយាយថា កាលពីសប្តាហ៍មុន តុលាការក្រុងភ្នំពេញបានបញ្ជូន កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពណាហ្គាវើលដ៍ទៅឃុំខ្លួនបណ្តោះអាសន្ន ដោយចោទថាអ្នកស្រីបានបំពានលក្ខខណ្ឌនៃការត្រួតពិនិត្យតាមផ្លូវច្បាប់របស់តុលាការ។
កញ្ញា ស៊ីថរ ដែលជាប្រធានសហភាពគាំទ្រសិទ្ធិការងារ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពីត្រឡប់មកពីសន្និសីទការងារក្នុងប្រទេសអូស្ត្រាលី។
កញ្ញា ស៊ីថរ ត្រូវបានចាប់ខ្លួនដំបូងកាលពីខែមករា ហើយត្រូវបានដោះលែងឱ្យនៅក្រៅឃុំក្នុងខែមីនា។ កញ្ញានិងមេដឹកនាំសហជីពចំនួនប្រាំពីរផ្សេងទៀត ប្រឈមមុខនឹងការចោទប្រកាន់ពីបទញុះញង់ ពាក់ព័ន្ធនឹងការតវ៉ារបស់អតីតបុគ្គលណាហ្គាវើលដ៍ ដែលបានបន្តចាប់តាំងពីការបញ្ឈប់ការងារទ្រង់ទ្រាយធំក្នុងឆ្នាំ២០២១។មេដឹកនាំសហជីពឯករាជ្យបាននិយាយថាពួកគេជឿថាខ្លឹមសារនៃការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ និងញត្តិតវ៉ាមិនមានភាពត្រឹមត្រូវនោះទេ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាបានថ្លែងថា លោកជឿថា ការចោទប្រកាន់មកលើ CENTRAL គឺពាក់ព័ន្ធនឹងការតស៊ូមតិក្នុងនាមកម្មករណាហ្គាវើលដ៍ធ្វើកូដកម្ម។
លោកបានថ្លែងថា៖ «ទីមួយខ្ញុំគិតថាវាទាក់ទងនឹងការគាំទ្រក្នុងការតស៊ូមតិរបស់បុគ្គលិកណាហ្គាវើលដ៍ និងទីពីរដោយសារ CENTRAL មានសកម្មភាពខ្លះទាក់ទងនឹងសមាជិកសហជីព»។
លោកមានប្រសាសន៍បន្ថែមថា៖ «តាមទស្សនៈរបស់ខ្ញុំ អង្គការគួរអនុវត្តការងាររបស់ខ្លួនទាក់ទងនឹងការងារអង្គការ ដូចជាការផ្តល់ជំនួយផ្នែកច្បាប់ ប៉ុន្តែសកម្មភាពប្រមូលនិងជូនដំណឹងដល់សមាជិក [សហជីព] អនុញ្ញាតឱ្យសហជីពធ្វើជំនួសវិញ»។
អ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជាបានថ្លែងថាសកម្មភាពដែលនាំឱ្យមានញត្តិបែបនេះមិនអាចកើតឡើងបានទេ បើគ្មានការជ្រោមជ្រែងពីអ្នកកាន់អំណាច។
អ្នកស្រីបន្តថា៖ «ហើយប្រសិនបើពួកគេមានភស្តុតាងត្រឹមត្រូវដូចខ្ញុំបាននិយាយខាងដើម បើមានភស្តុតាងត្រឹមត្រូវវាមែន វាប្រាកដជាដឹងច្បាស់ហើយថាតើក្រុមហ៊ុនណាដែលស្ថាប័នទាំងពីរនេះបានញុះញង់»។
អ្នកស្រីបានបន្តថា៖ «ពួកគេមិនមែនជាសហជីពឯករាជ្យការពារសិទ្ធិកម្មករទេ ពួកគេជាសហជីពដែលគាំទ្រផលប្រយោជន៍របស់និយោជក ឬរដ្ឋាភិបាល និយាយឱ្យត្រង់ទៅ។ កន្លងមកការងាររបស់ពួកគេមិនដែលជួយដល់ [កម្មករ] នោះទេ»។
អ្នកស្រី អ៊ូ ទេព ផល្លីន ប្រធានសហព័ន្ធកម្មករអាហារនិងសេវាកម្មកម្ពុជាបានមានប្រសាសន៍ថា អ្នកពាក់ព័ន្ធនឹងការការពារសិទ្ធិកម្មករតែងរងការយាយីបែបនេះ។
អ្នកស្រីបាននិយាយថា៖«សម្រាប់ពួកយើង យើងមិនភ្ញាក់ផ្អើលទេ។ ព្រោះយើងការពារសិទ្ធិកម្មករ យើងត្រូវរងទុក្ខពីអ្នកដែលមិនសប្បាយចិត្ត ព្រោះយើងទៅឆក់យកផលប្រយោជន៍គេ។ យើងនឹងបង្កើនអំណាចកម្មករ»។
លោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការលីកាដូ បានជំរុញឱ្យសហជីព និងសហព័ន្ធស្វែងរកដំណោះស្រាយដោយសន្តិវិធី និងចៀសវាងការចាត់វិធានការផ្លូវច្បាប់។
លោកបានមានប្រសាសន៍ថា៖ «វាមិនមែនជាវិធីត្រឹមត្រូវក្នុងការដាក់សម្ពាធអ្នកដែលធ្វើការបម្រើផលប្រយោជន៍កម្មករ… សាធារណជននឹងមើលឃើញពីរូបភាពមិនល្អនៃសម្ព័ន្ធភាពរវាងមនុស្សដែលបានធ្វើការបម្រើសង្គមក្នុងនាមជាសហជីព និងអង្គការ»។
លោក William Conklin នាយកប្រតិបត្តិអង្គការ ACILS មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ With Vague Details, Pro-government Unions Accuse Labor Groups of Inciting Members to Form New Union