សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

កិច្ចសន្ទនារវាងអ្នកសារព័ត៌មានស្ត្រីនិងនគរបាល ដើម្បីស្វែងយល់ពីរបៀបធ្វើការជាមួយគ្នា

តំណាង​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​មន្ត្រីនគរបាល​ចែករំលែក​ព័ត៌មាន​អំពីភាពប្រឈម​និង​កិច្ច​សហប្រតិបត្តិការ​ក្នុងអំឡុង​កិច្ចពិភាក្សា​មួយ​កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)
តំណាង​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​មន្ត្រីនគរបាល​ចែករំលែក​ព័ត៌មាន​អំពីភាពប្រឈម​និង​កិច្ច​សហប្រតិបត្តិការ​ក្នុងអំឡុង​កិច្ចពិភាក្សា​មួយ​កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC) កាលពីថ្ងៃទី៧ ខែតុលា បានរៀបចំ​កិច្ច​ពិភាក្សា​មួយ​​​រវាង​នគរបាល​ជាតិ​និង​អ្នកសារព័ត៌មានស្ត្រី ដើម្បីដោះស្រាយភាពប្រឈម ​និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​​រវាង​ភាគីទាំងពីរ។ សមាគម​អ្នកសារព័ត៌មាន​ជឿជាក់ថា កិច្ចប្រឹងប្រែងទាំងនេះនឹងមានភាពប្រសើរឡើង​ ប្រសិនបើ​សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិ​ទទួលបានព័ត៌មានត្រូវបានអនុម័ត ដែលវានឹងបញ្ជាក់ច្បាស់ពីទីកន្លែង​និង​ព័ត៌មាន​ដែល​អ្នក​សារព័ត៌មាន​អាចទទួលបាន។

លោកស្រី សាវតា ច័ន្ទ​គ្រឹស្នា នាយិកា​ប្រតិបត្តិ​របស់ WMC បាន​និយាយថា កិច្ចពិភាក្សានេះ​​បាន​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​ ការយោគយល់គ្នា​ និង​ការប្រាស្រ័យទាក់ទងគ្នាកាន់តែជិតស្និទ្ធថែមទៀត​រវាង​មន្ត្រីនគរបាល ​និង​អ្នកសារព័ត៌មាន​ស្ត្រី។ ព្រឹត្តិការណ៍នេះ​មាន​ការចូលរួម​ពី​អ្នកសារព័ត៌មាន​ស្ត្រី ២៩នាក់ និង​មន្ត្រី​នគរបាល​៥៩នាក់​មកពីខេត្ត​សៀមរាប ព្រះសីហនុ និង​រាជធានីភ្នំពេញ។

ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ បានទទួលស្គាល់ថា គម្លាតមួយចំនួនដូចជា ការយល់ច្រឡំ និងការមិនទុកចិត្តគ្នា​ បាន​បន្ទច់​បង្អាក់​កិច្ច​សហប្រតិបត្តិការ​ប្រកប​ដោយ​ប្រសិទ្ធភាពរវាងភាគីទាំងពីរ ដែលឈានទៅដល់ភាពតានតឹងដាក់គ្នា។

លោកសង្ឃឹមថា កិច្ចពិភាក្សានេះ​នឹង​រកឃើញភាពប្រឈម​និងដំណោះស្រាយដើម្បី​កែលម្អ​កិច្ច​សហប្រតិបត្តិការ​និង​កាត់បន្ថយ​គម្លាត​ ដោយ​លោក​បន្ថែមថា បញ្ហានានាអាចដោះស្រាយបានតាមរយៈ​ការ​ពិភាក្សា​និង​ការយោគយល់គ្នា។

លោក ជួន ណារិន្ទ បាន​ថ្លែង​នៅ​ពេលចាប់ផ្ដើម​ព្រឹត្តិការណ៍​យ៉ាងដូច្នេះ​ថា៖ «ខ្ញុំសង្ឃឹមថា កិច្ចពិភាក្សានេះ​នឹង​បង្កើត​បរិយាកាសមួយដើម្បី​ឱ្យអ្នកសារព័ត៌មានស្ត្រីអាច​បំពេញ​ការងារ​បាន​ ដោយ​​គ្មានការ​ភ័យខ្លាច ឬ​ការគំរាមកំហែង»។​

នៅក្នុងកិច្ចសន្ទនាដដែលនោះ ក៏មាន​កិច្ច​ពិភាក្សា​ពីសំណាក់វាគ្មិនជុំវិញ​ភាពប្រឈម​​នៃការធ្វើការរួមគ្នា​ដែល​នគរបាល​និង​អ្នកសារព័ត៌មាន​បាន​ជួបប្រទះកន្លងមក​ ផងដែរ។

លោក ណុប វី នាយកប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (ខេមបូចា​) បាន​លើកឡើងថា ការប្រឈមមុខដាក់គ្នាភាគច្រើនបំផុត​រវាង​អ្នក​សារព័ត៌មាន​និង​នគរបាល​កើតឡើង​ក្នុងអំឡុងពេល​នៃការតវ៉ា ខណៈដែលភាគីទាំងពីរ​បំពេញតួនាទីរបស់ខ្លួនរៀងៗខ្លួន ពោលគឺ​នគរបាល​បំពេញ​តួនាទី​ធានាសណ្ដាប់ធ្នាប់ រីឯ​អ្នកសារព័ត៌មាន​បំពេញ​តួនាទី​ប្រមូល​ព័ត៌មាន។

លោក​ជឿជាក់ថា ការអនុម័តសេចក្ដីព្រាង​ច្បាប់​[ស្ដីពីសិទ្ធិទទួលព័ត៌មាន]​នឹង​កាត់បន្ថយ​ភាពប្រឈមមុខ​ដាក់​គ្នា ​និងជម្លោះ​រវាងនគរបាល​ និង​អ្នកសារព័ត៌មាន ពីព្រោះច្បាប់នេះ​នឹង​កំណត់ច្បាស់លាស់អំពី​ទីកន្លែង​​និងព័ត៌មាន​ដែល​អ្នកសារព័ត៌មាន​​អាចចូលទៅទទួល ឬប្រើប្រាស់បាន។ ភាគីនីមួយៗនឹងត្រូវ​គោរព​ច្បាប់ ដូច្នេះកាត់បន្ថយ​នូវ​លទ្ធភាពនៃការឈានទៅដល់ការប្រឈមមុខដាក់គ្នា។

ក្នុងអំឡុងកិច្ចពិភាក្សា លោក ណុប វី បានលើកឡើង​​ថា៖ «ប្រសិនបើ​មានច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន អ្នកសារព័ត៌មាននឹងគោរពតាម[…] ដូច្នេះ នៅពេលនគរបាល​យល់ពីតួនាទីរបស់អ្នក​សារព័ត៌មាន ហើយអ្នកសារព័ត៌មាន​យល់ពី​នីតិវិធី​នៃច្បាប់ពាក់ព័ន្ធ ខ្ញុំ​ជឿជាក់ថា គម្លាតនានាដែលនាំឲ្យ​ឈានទៅដល់​ការប្រឈមមុខដាក់គ្នា​រវាង​អ្នកសារព័ត៌មាន​ និង​នគរបាល​នឹង​កាត់បន្ថយ​បាន»

កាលពីខែមុន ក្រុម​អង្គការ​សង្គមស៊ីវិល​បានទទូចជាថ្មីម្ដង​ទៀត ឱ្យ​រដ្ឋាភិបាល​ពន្លឿន​សេចក្ដីព្រាងច្បាប់​ស្ដីពីសិទ្ធិ​ទទួលព័ត៌មានដែលអូសបន្លាយពេលដ៏យូរ។ អតីតនាយករដ្ឋមន្ត្រី​ លោក ហ៊ុន សែន ដែលសព្វថ្ងៃជា​ប្រធានព្រឹទ្ធសភា ធ្លាប់បានសន្យាថា សេចក្ដីព្រាងច្បាប់នេះ​នឹង​ត្រូវអនុម័ត​«ក្នុងរយៈ​ពេល​ពីរឆ្នាំខាងមុខ» នៅក្រោយការបោះឆ្នោតជាតិ​​កាលពីខែកក្កដា ឆ្នាំទៅមិញ ឬ​ត្រឹម​ឆ្នាំ២០២៥ យ៉ាង​យូរបំផុត។

នៅឯ​កម្មវិធីកិច្ចពិភាក្សា លោក ណុប វី ក៏បានសង្កត់ធ្ងន់ពី​ភាពប្រឈមនានាដែល​អ្នកសារព័ត៌មាន​ជួប​ប្រទះ​ពាក់ព័ន្ធនឹង​វិធានការច្បាប់ ដោយ​លោក​កត់សម្គាល់ថា ច្បាប់ខ្លះ​ទូលំទូលាយពេក​និងទុក​ចន្លោះ​ឱ្យមានការបកស្រាយដែលអាច​ឈានទៅដល់​ការចោទប្រកាន់បទព្រហ្មទណ្ឌ​មក​លើ​អ្នក​សារព័ត៌មាន ជំនួសការអនុវត្ត​ច្បាប់​ស្តីពីរបបសារព័ត៌មាន ។ លោក​បានទទូច​សុំ​ឱ្យរដ្ឋាភិបាល​កុំ​ចាត់ទុក​កំហុស​វិជ្ជាជីវៈ​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ។

អ្នកសារព័ត៌មានស្ត្រីមួយរូប​រៀបរាប់ពី​ភាពប្រឈម​របស់ខ្លួន និង​លើក​ជាសំណួរ​ក្នុងអំឡុងពេល​នៃកិច្ច​ពិភាក្សា​ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

ស្នងការរង​នគរបាលខេត្ត​សៀមរាប លោកស្រី ដួង ថាវរី បាននិយាយថា អ្នកសារព័ត៌មានខ្លះ​យល់​ច្រឡំ​មក​លើ​សកម្មភាពរបស់នគរបាល ដោយគិតថា ពួកគេត្រូវបានហាមឃាត់​មិន​ឱ្យ​ទទួល​បាន​ព័ត៌មាន។ ប៉ុន្តែ លោកស្រីបានពន្យល់ថា នគរបាល​រឹតត្បិត​ចំពោះអ្នកសារព័ត៌មាន​ដោយសារតែ​នីតិ​វិធី ឬ​ដើម្បី​ធានាសុវត្ថិភាពរបស់ពួកគេ។

លោកស្រីស្នងការរង​បានលើកឡើងនៅក្នុងកិច្ចពិភាក្សាថា៖ «ក្នុងករណីខ្លះ នគរបាល​ធានាសុវត្ថិភាព​នៅ​កន្លែង​កើត​ហេតុ​សម្រាប់​គ្រប់ភាគីទាំងអស់ រាប់ទាំង​អ្នក​សារព័ត៌មាន​ផងដែរ។ ប្រសិនបើ​យើងអនុញ្ញាត​ឱ្យ​អ្នកសារព័ត៌មានចូល យើងបារម្ភថាអាចនឹងមានគ្រោះថ្នាក់កើតឡើងទៅលើពួកគេ»។ «ពេលខ្លះ នគរបាល​រឹតត្បិត​ដាក់​អ្នកសារព័ត៌មានស្ត្រី​ដោយសារ​បារម្ភចំពោះ​ពួកគេ និង​ចង់​ធានា​សុវត្ថិភាពរបស់ពួកគេ»

លោកស្រី ថាវរី បានបន្តថា ក្នុង​ករណីខ្លះទៀត អ្នកសារព័ត៌មាន​ត្រូវបាន​ហាមឃាត់​ដោយសារពួកគេ​ពុំ​មាន​ប័ណ្ណ​សម្គាល់ខ្លួន​អ្នកសារព័ត៌មាន។​

អ្នកនាង ឃួន លក្ខិណា អ្នកសារព័ត៌មាន​ឯករាជ្យ​ និងជាសមាជិក​បណ្ដាញ​អ្នកសារព័ត៌មាន​ស្ត្រី​កម្ពុជា (CFJ) ដែលបានចូលរួម​នៅក្នុង​សិក្ខាសាលានោះដែរ បាន​ប្រាប់​ ខេមបូចា ព័ត៌មាន ថា អ្នកនាង​បានជួបប្រទះ​នឹងភាពប្រឈម​ជាច្រើន​ ក្នុងនាមជាអ្នកសារព័ត៌មាន​ឯករាជ្យ។

អ្នកនាងលើកឡើងថា ក្រុម CFJ បានស្នើសុំជាច្រើន​លើក​ច្រើនសា​នូវ​ប័ណ្ណ​អ្នក​សារព័ត៌មាន​​សម្រាប់​រូប​អ្នកនាង ពីក្រសួង​ព័ត៌មាន ប៉ុន្តែ អ្នកនាងនៅមិនទាន់ទទួលបាន​ប័ណ្ណ​នោះ​នៅ​ឡើយទេ។

បើ​គ្មាន​​​ប័ណ្ណ​​បង្ហាញថា​អ្នកនាងជាអ្នកសារព័ត៌មានទេ អ្នកនាង លក្ខិណា បានលើកឡើងថា ពុំ​មានការការពារ​ចំពោះរូបអ្នកនាង​ឡើយ ប្រសិនបើ​អ្នកនាង​មានបញ្ហា​ ហើយថែមទាំង​ត្រូវនគរបាលស្ដីបន្ទោស​ថែមទៀតក៏អាចដែរ ពីព្រោះពួកគេ​សន្មតថា​អ្នកនាង​មិនមែនជាអ្នក​ធ្វើការ​​វិស័យ​ព័ត៌មាន​ត្រឹមត្រូវ​តាមច្បាប់។

អ្នកនាង លក្ខិណា បានបន្ថែមថា៖ «បើគ្មាន​ប័ណ្ណ​អ្នកសារព័ត៌មានទេ យើងពិបាក​ធ្វើការ និងពិបាក​ទទួលបានព័ត៌មាន។ នៅពេល​យើង​ចូលរួមព្រឹត្តិការណ៍ធំៗ ពួកគេ​តែងតែសួរ​រក​ប័ណ្ណ​សម្គាល់ខ្លួន​អ្នក​សារព័ត៌មាន។ សូម្បី​យើងមាន​ប័ណ្ណសម្គាល់​ខ្លួន​ពីស្ថាប័ន​យើងហើយក៏ដោយ ពួកគេ​នៅ​តែ​មិន​ឱ្យ​យើង​ចូល​ដដែល បើ​យើងគ្មាន​ប័ណ្ណ​អ្នកសារព័ត៌មានដែលចេញដោយក្រសួងទេនោះ»

ពាក់ព័ន្ធនឹងការស្នើសុំប័ណ្ណ​សម្គាល់អ្នកសារព័ត៌មាន​ លោកស្រី ទឹម សូលីណា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន​និង​សោតទស្សន៍ និងជាតំណាងរបស់​ក្រសួងព័ត៌មាន បាននិយាយយ៉ាងសាមញ្ញថា អ្នក​សារព័ត៌មានដែល​ជួបប្រទះបញ្ហានេះ អាចដាក់​លិខិត​មក​ក្រសួងបាន។

អ្នកនាង រឿន សំណាង និពន្ធនាយកសារព័ត៌មាន សាយ ប៉ូច ហតញូស៍ ដែលមានមូលដ្ឋាននៅក្នុង​ខេត្ត​បាត់ដំបង បានប្រាប់ ខេមបូចា ព័ត៌មាន ថា អ្នកនាង​បានជួបប្រទះភាពប្រឈម​ជាច្រើន​ក្នុងនាម​ជាអ្នកសារព័ត៌មានស្ត្រី ជាពិសេស នៅពេល​អ្នកនាងចុះទៅដល់​មូលដ្ឋាន​ដើម្បី​រាយការណ៍​ព័ត៌មាន។

អ្នកនាងក៏បានលើកឡើងផងដែរថា អ្នកនាង​ជួបការលំបាក​ក្នុងការសុំ​សម្ភាស​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដោយ​កត់សម្គាល់ថា ជារឿយៗ អាជ្ញាធរ​និយាយថា ពួកគេ​រវល់ ជាប់ប្រជុំ ឬ​ត្រូវធ្វើដំណើរទៅ​ភ្នំពេញ។

អ្នកនាង រឿន សំណាង និយាយថា៖ «ពេលខ្លះ ពួកគាត់គ្រាន់តែនិយាយ​ថា ពួកគាត់នឹង​បញ្ជូន​មនុស្ស​ឱ្យធ្វើការបន្ត​លើ​រឿងហ្នឹង រួចក៏​បិទ​ទូរសព្ទ»។ «យើងមិនអាចផ្សាយព័ត៌មាន​ដោយ​គ្មានប្រភពត្រឹមត្រូវនោះ​ឡើយ។ ខ្ញុំ​មិនដឹងថា គួរទៅសុំ​ជំនួយពី​ខាងណាទេ ។ សូម្បី​អាជ្ញាធរ​មូលដ្ឋាន​ក៏មិន​ផ្ដល់​ព័ត៌មាន​ជាក់លាក់​ឱ្យ​យើងដែរ ។ តើ​យើងអាច​ចុះផ្សាយ​រឿង​យ៉ាងម្ដេចកើតទៅ?»

ពាក់ព័ន្ធនឹង​ភាពប្រឈមដែល​អ្នកសារព័ត៌មានស្ត្រីបានជួបប្រទះ អ្នកនាង​បានទទូច​ស្នើសុំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ធានា​នូវការប្រព្រឹត្ត​ស្មើភាពគ្នា​នៅក្នុងវិស័យនេះ។ អ្នកនាង​បាន​បន្តថា៖ «សូមកុំ​រើសអើង​មក​លើពួកយើង។ យើង​គួរតែទទួលបានសិទ្ធិ​ស្មើគ្នា ដូច​អ្នកសារព័ត៌មាន​បុរសដែរ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Women Journalists Seek Police Understanding, Cooperation; Media Groups Stress Value of Access to Information Law

88 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម