អ្នកសារព័ត៌មានបរិស្ថាន លោក អ៊ុក ម៉ៅ ដែលជាជនជាតិដើមភាគតិច បានសន្យាបន្តការពារព្រៃឈើ និងបង្ហាញសកម្មភាពកាប់ឈើខុសច្បាប់ បន្ទាប់ពីលោកត្រូវបានដោះលែងឱ្យនៅក្រៅឃុំកាលពីថ្ងៃអាទិត្យ ដែលជាការប្តេជ្ញាចិត្តរបស់គាត់ដែលត្រូវបានកោតសរសើរដោយអង្គការសង្គមស៊ីវិល និងក្រុមសេរីភាពសារព័ត៌មាន។
លោក ម៉ៅ ត្រូវបានចោទប្រកាន់ពីរករណី គឺបទញុះញង់ និងបរិហារកេរ្តិ៍ជាសាធារណៈ ហើយត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្ទឹងត្រែង សម្រេចឲ្យនៅក្រៅឃុំ កាលពីថ្ងៃអាទិត្យ។ គាត់កំពង់ជាប់បណ្តឹងផ្លូវច្បាប់ចំនួន១៥ករណី។
លោក ឈុំ ស៊ាងហាក់ អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែង បានបញ្ជាក់ថា លោក ម៉ៅ ត្រូវបានដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ ដែលរួមមានការហាមឃាត់ការធ្វើដំណើរដោយគ្មានការអនុញ្ញាតជាមុន ឱ្យមកបង្ហាញខ្លួននៅប៉ុស្តិ៍នគរបាលមូលដ្ឋានរៀងរាល់ខែម្តង និងគោរពតាមបទបញ្ជារបស់តុលាការ។
លោក ម៉ៅ បានប្រាប់ សារព័ត៌មាន តាមទូរសព្ទ បន្ទាប់ពីគាត់ត្រូវបានការដោះលែង ថា៖ «ខ្ញុំប្តេជ្ញាការពារព្រៃឈើ។ ខ្ញុំនឹងធ្វើឱ្យបានច្រើនជាងមុន»។
លោកបានបដិសេធចំពោះបទញុះញង់ និងបទបរិហារកេរ្តិ៍ជាសាធារណៈ ដែលបានចោទប្រកាន់ដោយតុលាការ។ លោកបានបន្តថា៖ «តើអ្វីទៅជាការញុះញង់? បាទ ខ្ញុំបានប្រាប់ប្រជាពលរដ្ឋឱ្យការពារព្រៃឈើ ប៉ុន្តែខ្ញុំមិនដែលញុះញង់ឱ្យពួកគេឈូសឆាយដី ឬកាប់ឈើទេ»។
លោក ម៉ៅ បន្តថា នៅពេលដែលលោកត្រូវបានដោះលែងឱ្យនៅក្រៅឃុំ តុលាការបានព្រមានលោកកុំនិយាយជាមួយអ្នកសារព័ត៌មាន ឬបញ្ចេញយោបល់ដែលអាចមើលឃើញថា ជាការបំពានច្បាប់ បើមិនដូច្នេះទេគាត់នឹងត្រូវចាប់ខ្លួនឡើងវិញ។
លោកបានឱ្យដឹងទៀតថា៖ «ប្រសិនបើពួកគេចាប់ខ្លួនខ្ញុំម្តងទៀតពីបទការពារព្រៃឈើ សាធារណជនអាចវិនិច្ឆ័យដោយខ្លួនឯងថាតើអ្វីដែលខ្ញុំបានធ្វើត្រូវ ឬខុស»។ លោកបានកត់សម្គាល់ថា គាត់បានចូលរួមសកម្មភាពការពារធនធានធម្មជាតិ និងបរិស្ថានតាំងពីឆ្នាំ ២០១៧ ។
លោកបន្ថែមថា បទល្មើសព្រៃឈើកំពុងបានបន្តដោយចោទថា ដោយសារតែមានការ «គប់គិតគ្នា» រវាងឈ្មួញឈើ និងមន្ត្រីមូលដ្ឋាន។
ក្រុមអ្នកសារព័ត៌មាន រួមមាន សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) អ្នកកាសែតគ្មានព្រំដែន (RSF) និងសមាគមសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា (អាដហុក) បានសាទរចំពោះការដោះលែងលោក ម៉ៅ ពីពន្ធនាគារ ប៉ុន្តែបានថ្លែងថា លោកមិនគួរត្រូវបានឃុំខ្លួនតាំងពីដំបូងឡើយ។
លោកស្រី Aleksandra Bielakowska ប្រធានផ្នែកតស៊ូមតិរបស់ RSF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានឆ្លើយតបតាមអ៊ីម៉ែលថា៖ «យើងមានការធូរស្រាលដែលអ្នកកាសែត ម៉ៅ ត្រូវបានដោះលែង ប៉ុន្តែទទូចថាគាត់មិនគួរត្រូវបានគេឃុំឃាំងតាំងពីដំបូងឡើយ»។
លោកស្រីអំពាវនាវឲ្យអាជ្ញាធរទម្លាក់ចោលរាល់ការចោទប្រកាន់លើលោក ម៉ៅ ហើយអនុញ្ញាតឲ្យលោកបន្តការងារជាអ្នកកាសែតដោយសេរី។
លោកស្រី Bielakowska បានថ្លែងថា រដ្ឋាភិបាលកម្ពុជាត្រូវតែចាត់វិធានការជាក់ស្តែងដើម្បីការពារអ្នកសារព័ត៌មាន និងបញ្ឈប់ការយាយីពីផ្នែកតុលាការ។ លោកស្រីបន្ថែមថា៖ «នោះជាយុទ្ធសាស្ត្រយ៉ាងច្បាស់ក្នុងការរារាំងពួកគេពីការរាយការណ៍អំពីបញ្ហាបរិស្ថាន»។
នាយកប្រតិបត្តិរបស់ ខេមបូចា លោក ណុប វី បានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់តុលាការដែលដោះលែងលោក ម៉ៅ ដើម្បី «ផ្តល់យុត្តិធម៌ដល់គាត់» ដោយសារតែ «ការរួមចំណែកផ្តល់ផលប្រយោជន៍សាធារណៈទាក់ទងនឹងការការពារព្រៃឈើ»។
លោកបានថ្លែងថា៖ «ខ្ញុំនៅតែបន្តទទូចថា សុំឱ្យតុលាការពិនិត្យចំពោះអ្វីដែលជាការចោទប្រកាន់ទៅលើលោក ម៉ៅ ហើយឱ្យទម្លាក់ចោលនូវរាល់បទចោទប្រកាន់ទៅលើរូបគាត់ទាំងអស់ដែលកើតមានកន្លងមក»។ លោកបន្ថែមថា រដ្ឋាភិបាលគួរលើកទឹកចិត្តអ្នកសារព័ត៌មានឱ្យរាយការណ៍អំពីការកាប់បំផ្លាញព្រៃឈើ និងការទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋ។
ការចាប់ខ្លួនលោក ម៉ៅ ត្រូវបានរងការរិះគន់យ៉ាងខ្លាំងពីសមាគមសារព័ត៌មានក្នុងស្រុក និងអន្តរជាតិ ទោះជាយ៉ាងនេះក្តី ក្រសួងព័ត៌មានបានចោទប្រកាន់ក្រុមទាំងនោះថា៖ «កំពុងទាញយករបៀបវារៈនយោបាយផ្ទាល់ខ្លួន» និងមើលឃើញសេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងផ្លូវអវិជ្ជមាន។
ក្រសួងបានលើកឡើងថា ខ្លួនមិនបានចេញបណ្ណសារព័ត៌មានដល់លោក ម៉ៅ ទេ ព្រោះគាត់មាន «បណ្តឹងជាង១០នៅតុលាការ» ដោយចោទប្រកាន់គាត់ពីបទបំពានក្រមសីលធម៌អ្នកសារព័ត៌មាន។
លោក រិន ដាវីត មេធាវីរបស់លោក ម៉ៅ មិនអាចទាក់ទងសុំការបំភ្លឺបានទេ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Environment Journalist Uk Mao Determined to Expose Illegal Logging After Release on Bail