ទោះបីជាមានការពិភាក្សាបន្តដោយគណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ(JBC)ក៏ដោយ ភាពតានតឹងរវាងប្រទេសទាំងពីរមិនមានសញ្ញានៃការធូរស្រាលនោះទេ ដោយកម្ពុជាបានបញ្ឈប់ជាផ្លូវការនូវការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នពីប្រទេសថៃ និងបិទច្រកព្រំដែនជាំ និងជប់គគីរជាអចិន្ត្រៃយ៍ចំពោះការនាំចូលបន្លែ និងផ្លែឈើរបស់ថៃ។
កាលពីថ្ងៃទី២៣ ខែមិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសបញ្ឈប់ជាផ្លូវការនូវការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នពីប្រទេសថៃ ដោយធានាដល់សាធារណជនថា ការផ្គត់ផ្គង់ថាមពលរបស់កម្ពុជានឹងមិនរងផលប៉ះពាល់ឡើយ។
លោកបានមានប្រសាសន៍ថា៖ «បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធភាពនាំចូលប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈពីប្រភពផ្សេង គ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុករបស់ប្រជាពលរដ្ឋយើង កុំថាឡើយត្រឹមមួយខែ ទោះជារៀងរហូតក៏មិនជាបញ្ហា»។
ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីមានការលើកឡើងរបស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ដែលគណបក្សប្រឆាំងរបស់ប្រទេសថៃបានស្នើរដ្ឋាភិបាលបញ្ឈប់ការនាំចេញប្រេងមកកម្ពុជា រួមទាំងការផ្គត់ផ្គង់ពីក្រុមហ៊ុនថាមពលយក្សថៃ PTT ដើម្បីដាក់សម្ពាធលើប្រទេសកម្ពុជា។ លោក ហ៊ុន សែន ព្រមានថា យុទ្ធសាស្ត្រនេះអាចដើរថយក្រោយ ដោយជំរុញឲ្យរដ្ឋាភិបាលកម្ពុជាធ្វើពិពិធកម្មការនាំចូល។
ប្រសិនបើភាពតានតឹងនៅតែបន្ត លោកបានស្នើឱ្យផ្អាកទំនិញកំប៉ុងរបស់ថៃផងដែរ ដោយត្រឡប់មកប្រើប្រាស់ផលិតផលក្នុងស្រុក ឬផលិតផលជំនួស។
ក្នុងពិធីបិទសន្និបាតគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់បងប្អូនទាំងអស់ដែលរងផលប៉ះពាល់ពីការបិទព្រំដែនដែលបានយោគយល់។
លោកបានមានប្រសាសន៍ថា៖ «សូមអរគុណអ្នកលក់ប្រេង អគ្គិសនី និងក្រុមហ៊ុនអ៊ីនធឺណិត និងអ្នករងផលប៉ះពាល់ដោយការបិទព្រំដែនឯកតោភាគីដែលចាប់ផ្តើមដោយប្រទេសថៃ។ យើងសង្ឃឹមថា បញ្ហានេះនឹងត្រូវបានដោះស្រាយក្នុងពេលឆាប់ៗនេះ ប៉ុន្តែសោរ [ដើម្បីដោះស្រាយវា] គឺនៅលើភាគីថៃ»។
លោកបន្តថា កម្ពុជានឹងមិនចរចាបើកព្រំដែន ឬជាអ្នកបើកមុនគេទេ ដោយលោកបន្ថែមថា ថៃគួរធ្វើមុនគេ ព្រោះគេជាអ្នកបិទដោយឯកតោភាគី។ ក៏នឹងមិនមានការចរចាជាមួយកងទ័ពថៃដែររហូតដល់ព្រំដែនត្រូវបានបើក។
ទន្ទឹមនឹងនោះ លោក ហ៊ុន ម៉ាណែត បានស្នើឱ្យក្រសួងពាណិជ្ជកម្ម ត្រួតពិនិត្យតម្លៃ និងទប់ស្កាត់កុំឱ្យប្រជាពលរដ្ឋទាញយកផលប្រយោជន៍ពីការហាមឃាត់ការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃដោយការឡើងថ្លៃ។
អ្នកយកព័ត៌មានខេមបូចា បានចុះទៅពិនិត្យស្ថានីយប្រេងឥន្ធនៈ PTT ជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃចន្ទ ដែលបុគ្គលិកបានរាយការណ៍ពីចំនួនអតិថិជនថយចុះនៃការចាក់សាំងរថយន្តរបស់ពួកគេ បន្ទាប់ពីមានការផ្អាកការនាំចូលប្រេង និងហ្គាសពីប្រទេសថៃ និងយុទ្ធនាការអនឡាញអំពាវនាវឱ្យសាធារណជនធ្វើពហិកាស្ថានីយ៍ PTT។
បុគ្គលិកស្ថានីយប្រេង PTT ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា៖ «វាស្ងាត់បន្តិចហើយនៅព្រឹកនេះ»។
មេការម្នាក់នៅស្ថានីយ៍ដែលមានទីតាំងនៅប្រសព្វមហាវិថីព្រះមុនីវង្ស និងមហាវិថីម៉ៅសេទុង បាននិយាយថា៖ «យើងមិនអាចបិទប្រតិបត្តិការទាំងស្រុងបានទេ ពីព្រោះស្ថានីយ៍នេះមិនមែនជាកម្មសិទ្ធិពេញលេញរបស់ក្រុមហ៊ុន PTT ហើយយើងអាចនាំចូលប្រេងឥន្ធនៈពីប្រភពផ្សេងទៀត»។
យោងតាមតារាងតម្លៃប្រេងរបស់ PTT កាលពីថ្ងៃចន្ទ ប្រេងម៉ាស៊ូតតម្លៃ ៣ ៨០០ រៀលក្នុងមួយលីត្រ សាំងធម្មតា ៣ ៩៥០ រៀល និងសាំងស៊ុបពែ ៤ ៥៥០ រៀលក្នុងមួយលីត្រ។
អ្នកបើករ៉ឺម៉កកង់បី តុង សារិទ្ធ ដែលកំពុងចាក់សាំង បានសម្តែងការព្រួយបារម្ភថា តម្លៃប្រេងឥន្ធនៈអាចឡើងថ្លៃដោយសារជម្លោះព្រំដែនកម្ពុជា-ថៃដែលកំពុងកើតមាន។
លោកបានបន្តថា៖ «វាពិបាកក្នុងការនិយាយឱ្យប្រាកដនៅពេលនេះ ប៉ុន្តែប្រសិនបើក្រុមហ៊ុនផ្សេងទៀតត្រូវបានអនុញ្ញាតឱ្យនាំចូលប្រេង តម្លៃប្រហែលជាមិនកើនឡើងខ្លាំងនោះទេ»។
លោកបានលើកឡើងថា៖ «យើងបារម្ភថាតម្លៃនឹងឡើងថ្លៃ ប៉ុន្តែខ្ញុំមិនគិតថាវានឹងមានផលប៉ះពាល់ខ្លាំងភ្លាមៗនោះទេ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលការនាំចូលត្រូវបានរំខាន ឈ្មួញកណ្តាលតែងតែទាញយកប្រយោជន៍ពីស្ថានភាព និងដំឡើងតម្លៃ។ ឥឡូវនេះ យើងគ្រាន់តែរង់ចាំមើលថានឹងមានអ្វីកើតឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ»។
លោកបានជំរុញឱ្យរដ្ឋាភិបាល«គ្រប់គ្រងតម្លៃ» និងរក្សាស្ថិរភាពដោយកត់សម្គាល់ថា តម្លៃឧស្ម័នបច្ចុប្បន្នមានចន្លោះពី ១ ៩០០ ទៅ ២ ០០០ រៀលក្នុងមួយលីត្រ។

ដោយដកស្រង់ពីក្រុមហ៊ុន PTT ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថា ការហាមឃាត់ប្រេងនឹងមិន «ប៉ះពាល់ខ្លាំង» ដល់ប្រាក់ចំណូលប្រេង និងការលក់រាយរបស់ខ្លួនទេ ដោយសារមានស្ថានីយ៍ប្រេងតែ១៨៦នៅទូទាំងប្រទេសកម្ពុជា និង២៥៤ ហាង Café Amazon បើប្រៀបធៀបទៅនឹងស្ថានីយ៍ប្រេង និងលក់រាយជាង ២ ០០០ នៅក្នុងប្រទេសថៃ។
ជិតមួយខែបន្ទាប់ពីការប៉ះទង្គិចគ្នាកាលពីថ្ងៃទី២៨ ខែឧសភា ដែលបានបណ្តាលឱ្យទាហានខ្មែរម្នាក់ស្លាប់ ភាពតានតឹងរវាងកម្ពុជា និងថៃនៅតែមានកម្រិតខ្ពស់ រួមផ្សំដោយការកាត់បន្ថយម៉ោងប្រតិបត្តិការតាមច្រកទ្វារព្រំដែន និងការគំរាមកំហែងធ្វើឱ្យរំខានដល់ការផ្គត់ផ្គង់អ៊ីនធឺណិត និងអគ្គិសនី។
ជាការឆ្លើយតប កម្ពុជាបានកាត់ផ្តាច់អ៊ីនធឺណេតពីប្រទេសថៃ និងហាមឃាត់បញ្ចាំងភាពយន្តថៃ និងការប្រកួតប្រដាល់ដែលមានអ្នកប្រដាល់ថៃ។
ការបិទនាំចូលបន្លែផ្លែឈើពីប្រទេសថៃបានធ្វើឡើងនៅថ្ងៃទី១៧ ខែមិថុនា ក្រោយផុតកំណត់ឱសានវាទរយៈពេល២៤ម៉ោង ដើម្បីឱ្យភាគីថៃបើកច្រកព្រំដែនដូចធម្មតាឡើងវិញ។
ក្រោយមកវាត្រូវបានលាតត្រដាងដោយការបែកធ្លាយការសន្ទនាតាមទូរសព្ទថា លោក ហ៊ុន សែន បានជំរុញឱ្យនាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត្រា បើច្រកព្រំដែនធម្មតាឡើងវិញ។ ក្នុងការអំពាវនាវនេះ លោកស្រី ផែថងថាន បានស្នើឱ្យលោក ហ៊ុន សែន កុំខ្វល់នឹង «ភាគីដទៃទៀត» នៅក្នុងប្រទេសថៃ ដែលយោងទៅលើការចោទប្រកាន់របស់មេទ័ពថៃនៅជិតព្រំដែន។
កាលពីថ្ងៃទី២២ ខែមិថុនា ក្រសួងការបរទេសកម្ពុជាបានកោះហៅស្ថានទូតថៃ និងចេញកំណត់ទូតតវ៉ាប្រឆាំងនឹងការប្តឹងរបស់មន្ត្រីថៃប្រឆាំងនឹងលោក ហ៊ុន សែន ពីបទបែកធ្លាយការសន្ទនាជាមួយនាយករដ្ឋមន្ត្រីថៃ។
កន្លងមកប្រទេសថៃបានកោះហៅឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ហើយបានថ្កោលទោសការបែកធ្លាយថាជា«ទង្វើមិនអាចទទួលយកបាន» ដែលបំពានលើបទដ្ឋានការទូត និងស្មារតីនៃភាពជាអ្នកជិតខាងដ៏ល្អ។
ជាមួយគ្នានេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានណែនាំដល់ប្រជាពលរដ្ឋកម្ពុជា ជៀសវាងការធ្វើដំណើរទៅកាន់ប្រទេសថៃ ប្រសិនបើចាំបាច់ជាដាច់ខាត។
កាលពីថ្ងៃទី២១ ខែមិថុនា យោធភូមិភាគទី២របស់ថៃបានប្រកាសបិទច្រកព្រំដែនជប់គគីរ ជាការឆ្លើយតប កម្ពុជាបានបិទច្រកព្រំដែនជប់គគីរ និងជាំ ជាអចិន្ត្រៃយ៍។មួយថ្ងៃក្រោយមក កងយោធពលខេមរភូមិន្ទ បាននិយាយថា ពួកគេមាន«ក្តីព្រួយបារម្ភជាខ្លាំង»ជាមួយនឹងការចូលរបស់អ្នកជិះកង់ប្រមាណ១៥០នាក់ ដែលដឹកនាំដោយទាហានថៃ៣ នាក់ ចូលទៅក្នុងប្រាសាទតាមាន់ធំ ដោយមិនបានជូនដំណឹងជាមុន។ កម្ពុជាបាននិយាយថា ចំណាត់ការនេះបានបំពានលើកិច្ចព្រមព្រៀងទ្វេភាគីដែលកំណត់ម៉ោងបំពេញទស្សនកិច្ចចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង៣រសៀល៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia Bans Import of Thai Fuel As More Borders Close









