អ្នកឃ្លាំមើលសង្គមលើកឡើងថា ប្រសិនបើកម្ពុជានៅតែបន្ត«ធ្វើទុក្ខបុកម្នេញចាប់ខ្លួន និងធ្វើការគំរាមកំហែងអ្នកនយោបាយគណបក្សប្រឆាំង និងសកម្មជនសង្គមស៊ីវិល» វានឹងកាន់តែធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប្រទេសលោកសេរី ខណៈបច្ចុប្បន្នកម្ពុជានៅតែបន្តពឹងផ្អែកខ្លាំងលើប្រទេសលោកសេរីដែលជាទីផ្សារធំសម្រាប់ការនាំចេញផលិតផលរបស់កម្ពុជា។
ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលបានការពារការចាប់ខ្លួន ការឃុំខ្លួនទៅលើអ្នកនយោបាយគណបក្សប្រឆាំង និងសកម្មជនសង្គមស៊ីវិលដោយអះអាងថា នេះជាការអនុវត្តច្បាប់ដើម្បីធ្វើឱ្យប្រទេសមានសណ្តាប់ធ្នាប់មានការគោរពច្បាប់។
កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤សមាជិកគណបក្សកែទម្រង់កម្ពុជាលោក ប៉ែន វុទ្ធី ត្រូវបានសមត្ថកិច្ចខេត្តសៀមរាបចាប់ខ្លួនដោយមិនទាន់ដឹងថា ពាក់ព័ន្ធនឹងបទល្មើសអ្វីនៅឡើយ។ ក្នុងថ្ងៃដដែលនេះដែរ សាលាដំបូងខេត្ដស្វាយរៀងក៏បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលោក ជា ចាន់ថា មេដឹកនាំសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA)ប្រចាំខេត្ដ ជាបណ្ដោះអាសន្នក្រោមបទចោទ«ឆបោក និងធ្វើសកម្មភាពបង្កើតឱ្យយល់ច្រឡំជាមួយការបំពេញមុខងារសាធារណៈ» បន្ទាប់ពីលោកត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។
កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសសកម្មជនចលនាមាតាធម្មជាតិចំនួន១០នាក់ឲ្យជាប់ពន្ធនាគារចន្លោះពី៦ឆ្នាំ ដល់៨ឆ្នាំពីបទ«ប្រមាថព្រះមហាក្សត្រ និងរួមគំនិតក្បត់»។ ក្រោយការប្រកាសសាលក្រមកាត់ទោស សកម្មជនចលនាមាតាធម្មជាតិ៥នាក់មានលោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី និងលោក យីម លាងហ៊ី ត្រូវបានសមត្ថកិច្ចសម្រុកចាប់ខ្លួនរុញបញ្ចូលក្នុងរថយន្តទាំងបង្ខំ ហើយដឹកទៅឃុំខ្លួននៅតាមពន្ធនាគារនៅតាមបណ្តាខេត្តផ្សេងៗគ្នា។
ករណីថ្មីៗនេះ សកម្មជនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស និងពលរដ្ឋចំនួន៤នាក់ គឺលោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា លោក សាន សិទ្ធិ និងលោក ចក់ បានមុនី ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាបចាប់ឃាត់ខ្លួនហើយបានបញ្ជូនភ្លាមៗមកកាន់រាជធានីភ្នំពេញនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ទាក់ទងនឹងបទ«ញុះញង់បង្កឱ្យមានការរើសអើង និងភាពវឹកវរក្នុងសង្គម»។
ការចាប់ខ្លួនសកម្មជន និងពលរដ្ឋទាំងនេះ បន្ទាប់ពីពួកគេបាននិយាយពីផលវិជ្ជមាន និងអវិជ្ជមាននៃការបញ្ចូលខេត្តចំនួន៤ របស់កម្ពុជា គឺខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ទៅក្នុងគម្រោងអភិវឌ្ឍជាមួយប្រទេសវៀតណាម និងឡាវ (CVL) នៅក្នុងកម្មវិធីផ្សាយផ្ទាល់របស់ខ្លួនលើទំព័រហ្វេសប៊ុកឈ្មោះ«សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសស្ដីពីកម្ពុជា»។
បណ្តាប្រទេសលោកខាងលិច អង្គការជាតិជាង៥០ និងអង្គការអន្តរជាតិធំៗរួមទាំងអ្នកនាំពាក្យUNHCR បានចេញមុខថ្កោលទោសចំពោះការចាប់ខ្លួន និងការកាត់ទោសសកម្មជននិងអ្នកនយោបាយគណបក្សប្រឆាំងនិងសកម្មជនសង្គមស៊ីវិលជាបន្តបន្ទាប់មកនេះ។
តាមរយៈសេចក្តីថ្លែងការណ៍ចេញមកជាបន្តបន្ទាប់ ប្រទេសលោកខាងលិច និងស្ថាប័នអន្តរជាតិទាំងនោះបានទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជនចលនាមាតាធម្មជាតិវិញជាបន្ទាន់ និងជំរុញឱ្យកម្ពុជាគោរពគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
អ្នកនាំពាក្យការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអន្តរជាតិប្រចាំអង្គការសហប្រជាជាតិលោក Thameen AI-Kheetan កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ បានថ្កោលទោសចំពោះការកាត់ទោសរបស់តុលាការដោយលើកឡើងថា ដំណើរការកាត់ក្ដីរបស់តុលាការកម្ពុជាមិនបានបំពេញឱ្យត្រឹមត្រូវស្របតាមស្តង់ដានៃច្បាប់ស្ដីពីសិទ្ធិមនុស្សកម្ពុជា និងអន្ដរជាតិ និងថានេះជាការកាត់បន្ថយលំហសេរីភាពរបស់ពលរដ្ឋ និងបង្ក្រាបសំឡេងប្រឆាំងនៅកម្ពុជា។
យ៉ាងណាក្តីស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ(UN) តាមរយៈសេចក្តីថ្លែងការណ៍នៅថ្ងៃទី១០ ខែកក្កដា បានចេញមុខច្រានចោលរាល់ការអត្ថាធិប្បាយរបស់អ្នកនាំពាក្យការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអន្តរជាតិជុំវិញការកាត់ទោសសកម្មជនចលនាមាតាធម្មជាតិនេះ។
តំណាងកម្ពុជានៅUNចាត់ទុកការលើកឡើងរបស់អ្នកនាំពាក្យUNHCRថា គ្មានមូលដ្ឋានពិតប្រាកដ បង្កើតការភ័ន្តច្រឡំ មានលក្ខណៈរើសអើងគ្មានមូលដ្ឋានពិតប្រាកដ និងពុំយល់ច្បាស់ពីដំណើរការនីតិវិធីរបស់តុលាការកម្ពុជា។
សូមបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំ២០២៣ រហូតមកដល់ខែកក្កដាឆ្នាំ២០២៤នេះ មានថ្នាក់ដឹកនាំនិងមន្ត្រីរបស់បក្សភ្លើងទៀន គណបក្សកម្លាំងជាតិនិងគណបក្សឆន្ទៈខ្មែររួមទាំងសកម្មជនសង្គមស៊ីវិលរហូតដល់ជាង៣០នាក់ហើយ ត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនដែលភាគច្រើនត្រូវបានចោទប្រកាន់ពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមនិងបទរួមគំនិងក្បត់»។ នេះបើតាមគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល។
ក្នុងនោះក៏មានលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិលោក ភូ សុវណ្ណថា សមាជិកគណបក្សឆន្ទៈខ្មែរនៅខេត្តបាត់ដំបងលោក គង់ ថារ៉េត អនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនក្រុងកំពង់ចាម និងលោក គា វិសាល មន្ត្រីគណបក្សកម្លាំងជាតិខេត្តកំពង់ចាមផងដែរ។
ជាមួយគ្នានេះ លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពនិយោជិតវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា (CTSWF) ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនផងដែរកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីត្រូវបានតុលាការកាត់ទោសពីបទ«ញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍» ក្រោយពីមានបណ្តឹងពីក្រុមហ៊ុនដែលជាកម្មសិទ្ធិរបស់ជនជាតិចិន។
បន្ថែមពីនេះលោក ស៊ឹង សែនករុណា អតីតអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកបានភៀសខ្លួនទៅដល់ក្រៅប្រទេសនៅក្នុងសប្តាហ៍ទី១នៃខែឧសភាឆ្នាំ២០២៤ បន្ទាប់ពីក្រុមមេធាវីរបស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្តឹងពីបទបរិហារកេរ្តិ៍ ដោយទាមទារសំណងជំងឺចិត្តប្រមាណ៥០ម៉ឺនដុល្លារអាមេរិក ពាក់ព័ន្ធនឹងការថ្លែងរបស់លោកដែលត្រូវបានសារព័ត៌មានដកស្រង់សម្តីក្នុងឃ្លាថា៖ «គណបក្សកាន់អំណាចតែងតែយកតុលាការមកធ្វើជារបាំងក្នុងការគាបសង្កត់ដៃគូនយោបាយប្រឆាំងរបស់ខ្លួន»។
បន្ថែមពីនេះលោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងជាអ្នកការពារសិទ្ធិមនុស្ស ត្រូវបានប៉ូលិសចាប់ខ្លួនកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ក្រោយពីលោកបញ្ចេញមតិការពារពលរដ្ឋរឿងវិវាទដីធ្លីនៅខេត្តព្រះវិហារ។
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានថ្លែងប្រាប់ខេមបូចាថា កន្លងមកឃើញមានការលើកឡើងជារឿយៗដោយសហគមន៍អឺរ៉ុបនិងសហរដ្ឋអាមេរិកដែលជាដៃគូពាណិជ្ជកម្មនិងសេដ្ឋកិច្ចរបស់កម្ពុជាជុំវិញការធ្វើទុក្ខបុកម្នេញ ឬក៏ការចាប់ខ្លួនអ្នកនយោបាយគណបក្សប្រឆាំងនិងសកម្មជនសង្គមស៊ីវិល។
លោកលើកឡើងថា ការគោរពសិទ្ធិមនុស្សនិងគោលការណ៍ប្រជាធិបតេយ្យគឺជាគុណតម្លៃស្នូលរបស់សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការទាំងនយោបាយនិងសេដ្ឋកិច្ចជាមួយប្រទេសកម្ពុជា។
ហេតុដូចនេះហើយប្រសិនបើកម្ពុជានៅតែបន្តធ្វើទុក្ខបុកម្នេញដូចជាការចាប់ខ្លួន និងការគំរាមកំហែងទៅលើអ្នកនយោបាយគណបក្សប្រឆាំងនិងសកម្មជនសង្គមស៊ីវិលតិចឬច្រើនវានឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងប្រទេសលោកសេរី ទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច ខណៈបច្ចុប្បន្នកម្ពុជានៅតែបន្តពឹងផ្អែកលើប្រទេសលោកសេរីដែលជាទីផ្សារធំសម្រាប់ការនាំចេញផលិតផលរបស់កម្ពុជាទៅលក់នៅទីផ្សារអន្តរជាតិ។
លោក ប៉ា ចន្ទរឿន បញ្ជាក់ថា៖ «តាមពិតទៅរឿងសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនេះវាគឺជាស្នូលដ៏សំខាន់នៃរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ ដូច្នេះការធ្វើឱ្យប្រសើរឡើងនូវការគោរពសិទ្ធិមនុស្សគឺជាកាតព្វកិច្ចរបស់រដ្ឋាភិបាលត្រូវធ្វើនិងលើកកម្ពស់ដំណើរការប្រជាធិបតេយ្យដើម្បីគោរពតាមធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣គឺជារឿងចាំបាច់ដែលរដ្ឋាភិបាលត្រូវតែធ្វើ»។
យ៉ាងណាក្តីលោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលបានថ្លែងដោយគាំទ្រចំពោះការចាប់ឃុំខ្លួនជាបន្តបន្ទាប់កន្លងមកនេះ ដោយលោកថា វាជាការអនុវត្តច្បាប់។ ការអនុវត្តច្បាប់គឺជាតួនាទីរបស់អាជ្ញាធររដ្ឋនៅគ្រប់ប្រទេសទាំងអស់នៅក្នុងពិភពលោកនេះ។
ទោះយ៉ាងណា លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុកបានថ្លែងប្រាប់ខេមបូចា ថា ប្រសិនបើរដ្ឋាភិបាលថ្មីនៅតែបន្តចាប់ឃុំខ្លួនទៅលើអ្នកនយោបាយគណបក្សប្រឆាំងនិងសកម្មជនសង្គមស៊ីវិលវាបង្ហាញថា រដ្ឋាភិបាលថ្មីនេះនៅតែបន្តនូវការរឹតត្បិតទៅលើសេរីភាពជាមូលដ្នាន មានសេរីភាពបញ្ចេញមតិ សេរីភាពខាងការជួបប្រជុំ ក៏ដូចជាសេរីភាពខាងការចូលរួមសកម្មភាពខាងនយោបាយដែលសេរីភាពទាំងអស់នេះមានការធានាដោយរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេសកម្ពុជា។
លោកបញ្ជាក់ថា៖ «យើងក៏ឃើញថា ការរឹតដ្បិតទាំងអស់ហ្នឹងវាកាន់តែបង្ហាញអំពីការដែល រដ្ឋាភិបាលកាន់តែធ្វើការដើរប្រាសចាកឆ្ងាយទៅៗអំពីគន្លងប្រជាធិបតេយ្យសេរីពហុបក្សពីព្រោះប្រទេសកម្ពុជាគឺជាប្រទេស១ដែលប្រកាន់នូវគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្សដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ»។
លោកប្រធានសមាគមអាដហុកបន្តថា៖«អ៊ីចឹងនៅក្នុងការដែលមានការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិដែលជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យបែបនេះ យើងឃើញថា កាន់តែបង្ហាញពីការធ្លាក់ចុះនៃប្រជាធិបតេយ្យជាការកត់សម្គាល់ដូចដែលមតិជាតិនិងអន្តរជាតិដែលបានធ្វើការកត់សម្គាល់កន្លងមក»។
ប្រធានក្រុមអ្នកច្បាប់អមរិន្ទ្រ លោកមេធាវី សុក សំអឿន បានថ្លែងថា ប្រសិនបើការនិយាយអ្វីមួយត្រូវបានគេបកស្រាយថា សុទ្ធតែជាការញុះញង់ហើយក្លាយទៅជាបទល្មើស នោះបានសេចក្តីថា ប្រទេសកម្ពុជាមិនមានសេរីភាពក្នុងការបញ្ចេញមតិនោះទេ។
លោក សុក សំអឿន លើកឡើងថា៖ «យូរៗទៅបើសិនប្រជាពលរដ្ឋអត់ហ៊ានបញ្ចេញមតិរិះគន់ទេនោះ រដ្ឋាភិបាលអាចដើរទៅរកផ្លូវខុសក្នុងផ្លូវណាមួយមិនខាន ហើយរដ្ឋាភិបាលហ្នឹងក៏ប្រហែលជាអាចឈានទៅរកការប្រើអំណាចផ្តាច់ការបន្តិចម្តងៗទៅដែរដោយសារតែអត់មានមតិរិះគន់»។
លោកមេធាវីចាស់វស្សារូបនេះ បានលើកឡើងថា ចំណុចទាំងអស់នេះ គឺត្រូវការឱ្យមានតុលាការមួយដែលឯករាជ្យ អព្យាក្រឹត ហ៊ានបកស្រាយទៅតាមផ្លូវច្បាប់ថា តើវាជាបទល្មើស ឬក៏មិនមែនជាបទល្មើស ហើយសម្រេចមិនព្រមធ្វើការចោទប្រកាន់ឬក៏លើកលែងការចោទប្រកាន់ជាដើម។
ប៉ុន្តែប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលមិនយល់ស្របទៅនឹងការលើកឡើងដែលថា សិទ្ធិសេរីភាពបញ្ចេញមតិនៅកម្ពុជាត្រូវបានរឹតត្បិតនោះឡើយដោយលោកថ្លែងថា៖ «គ្មានអ្នកណាអាចមកវាយតម្លៃថា ការអនុវត្តច្បាប់ហ្នឹងវាខុសទេបើចឹងគេចាំបាច់បង្កើតច្បាប់ធ្វើនីតិរដ្ឋធ្វើអី។ អ៊ីចឹងសូមឱ្យសង្គមស៊ីវិលហ្នឹងគាត់កុំចេះតែថា សូមមើលផងថាតើវាស្ថិតនៅក្នុងទម្រង់បែបណា បើសិនជាយើងអត់មានច្បាប់មានទម្លាប់ទេ អ៊ីចឹងវាចប់ហើយស្រុកយើងមិនដឹងទៅជាស្អីទេ ចង់អ្នកណាទៅធ្វើអីតាមអំពើចិត្តវាអត់កើត»។
លោក ប៉ែន បូណា បន្តថា មន្ត្រីអង្គការសង្គមស៊ីវិល ឬសារព័ត៌មានមួយចំនួនយកពាក្យតែមួយម៉ាត់ទេ«រិះគន់រដ្ឋាភិបាល»ត្រូវគេចាប់ខ្លួន ត្រូវគេធ្វើទុក្ខបុកម្នេញ គឺមិនមែនដូច្នោះឡើយ។
លោកពន្យល់ថា៖ «យើងអត់បែងចែកអ្វីទៅជាការរិះគន់ អ្វីទៅជាការចោទប្រកាន់មួលបង្កាច់ បង្ហូចកេរ្តិ៍ឈ្មោះ ញុះញង់ ? ឃើញទេវាខុសគ្នាពាក្យទាំងអស់ហ្នឹង។ នៅក្នុងពិភពលោកនេះ ការអនុវត្តសិទ្ធិហ្នឹង គឺគេមានកំណត់ ទោះបីជានៅក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយក៏គេកំណត់ដែរ»។
ចំណែកលោក យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាក៏យល់ស្របទៅនឹងការថ្លែងរបស់លោក ប៉ែន បូណា ផងដែរ។
លោក យង់ ពៅ បានថ្លែងថា រដ្ឋមួយត្រូវតែមានសណ្តាប់ធ្នាប់នៃច្បាប់ បើទោះបីជាពលរដ្ឋនោះមកពីគណបក្សណាក៏ដោយ គណបក្សក្នុងរដ្ឋាភិបាល គណបក្សប្រឆាំង ឬមកពីសង្គមស៊ីវិលក៏ដោយ ឬក៏ឥស្សរជន អភិជនក៏ដោយបើបំពានច្បាប់ហើយអាជ្ញាធរមានសមត្ថកិច្ចមិនបានអនុវត្តច្បាប់នោះ គឺជារឿងខុសឆ្គងធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់នៃច្បាប់ហើយក៏ធ្វើឱ្យសង្គមមិនមានសណ្តាប់ធ្នាប់ដែរ។
លោកបន្តថា៖ «អ៊ីចឹងពលរដ្ឋគ្រប់គ្នាត្រូវតែបំពេញកាតព្វកិច្ចច្បាប់។ ដូច្នេះការឃុំខ្លួនអីក៏ដោយអ្នកណាអីក៏ដោយឱ្យតែស្របតាមនីតិវិធីច្បាប់ទៅតាមច្បាប់ជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា ចំពោះខ្ញុំនោះគឺជារឿងត្រឹមត្រូវ។ អានេះខ្ញុំនិយាយថា ឱ្យបំពេញលក្ខខណ្ឌច្បាប់ត្រឹមត្រូវតាមច្បាប់ទោះជាអ្នកនោះចេញពីណាមកក៏ដោយចុះ»។
ទាក់ទងទៅនឹងសិទ្ធិសេរីភាពបញ្ចេញមតិ និងសិទ្ធិនយោបាយនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នវិញលោក យង់ ពៅ បានអះអាងថា កម្ពុជា បើធៀបទៅនឹងប្រទេសនានាក្នុងតំបន់គឺគ្មានប្រទេសណាលើសកម្ពុជាទេ សិទ្ធិនយោបាយ សិទ្ធិបញ្ចេញមតិផ្សេងៗ សិទ្ធិបង្កើតសហជីពអីជាដើមដែលបច្ចុប្បន្នកម្ពុជាមានសហជីពរាប់ពាន់ជិតដល់ម៉ឺន សង្គមស៊ីវិលក៏មានចំនួនរាប់ពាន់ ហើយសារព័ត៌មានក៏ច្រើនដែរ។
លោកលើកឡើងថា៖ «សិទ្ធិសេរីភាព គឺស្ថិតក្រោមច្បាប់មិនមែនសិទ្ធិសេរីភាពស្ថិតក្រៅច្បាប់នោះទេ។ ក្នុងរដ្ឋមួយត្រូវមានច្បាប់គ្រប់គ្រងរបស់រដ្ឋ ប្រសិនបើការបញ្ចេញមតិប្រសិនសិទ្ធិធ្វើនយោបាយហ្នុងវាប៉ះពាល់លើច្បាប់ ឬក៏នៅក្រៅរង្វង់ច្បាប់ ចឹងត្រូវតែមានបញ្ហាពាក់ព័ន្ធនឹងក្តីក្តាំច្បាប់ហ្នឹងហើយ»។
ប៉ុន្តែលោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពបានថ្លែងថា មតិរិះគន់ដែលធ្វើឡើងដោយអ្នកនយោបាយពីគណបក្សប្រឆាំង និងមន្ត្រីសង្គមស៊ីវិលគឺជាផ្នែកមួយសំខាន់នៅក្នុងសង្គមប្រជាធិបតេយ្យដែលអាចជួយឱ្យរដ្ឋាភិបាលមើលឃើញពីចំណុចអវិជ្ជមានរបស់ខ្លួន។
លោកលើកឡើងថា បើមានគណបក្សនយោបាយច្រើនចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតដោយអាចធ្វើសកម្មភាពនយោបាយបានដោយសេរីពិតប្រាកដទៅតាមច្បាប់ នោះនឹងកាន់តែធ្វើឱ្យរដ្ឋាភិបាលមានអភិបាលកិច្ចល្អជំរុញឱ្យមានការកាត់បន្ថយអំពើពុករលួយ ដែលប្រការនេះក៏នឹងធ្វើឱ្យមានការចាប់អារម្មរណ៍ពីអ្នកវិនិយោគទុនពីប្រទេសសេរីក្នុងការមកដាក់ទុនវិនិយោគនៅកម្ពុជា។
លោកបញ្ជាក់ថា៖ «បើអត់មានមតិចម្រុះពួកអ្នកវិនិយោគទុនពីប្រទេសសេរី គេអាចមានការអល់អែកក្នុងការមកដាក់ទុនវិនិយោគរកស៊ីនៅកម្ពុជា»។
ជាមួយគ្នានេះលោក យង់ គិមអេង បានលើកឡើងថា រដ្ឋាភិបាលគួររកមធ្យោបាយផ្សះផ្សាគ្នារវាងខ្មែរនិងខ្មែរ ដើម្បីឱ្យគណបក្សដែលដឹកនាំរដ្ឋាភិបាល និងគណបក្សប្រឆាំងអាចធ្វើការជាមួយគ្នាបានក្នុងការអភិវឌ្ឍប្រទេសស្របទៅតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលកម្ពុជាប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស។
កាលពីថ្ងៃទី៨ ខែឧសភា ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ បានបើកកិច្ចប្រជុំធ្វើការត្រួតពិនិត្យឡើងវិញជាសាកលតាមកាលកំណត់លើកទី៤៦ មកលើប្រទេសកម្ពុជា។ នៅក្នុងកិច្ចប្រជុំនោះរដ្ឋជាសមាជិកអង្គការសហប្រជាជាតិមួយចំនួនបានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាស្តារឡើងវិញនូវលំហសេរីភាពពលរដ្ឋ និងនយោបាយ ព្រមទាំងសិទ្ធិសេរីភាពនៃការបញ្ចេញមតិ។
នៅក្នុងកិច្ចប្រជុំនោះ សហរដ្ឋអាមេរិកបានទាមទារឱ្យកម្ពុជាដោះលែងជនទាំងឡាយ«ដែលត្រូវបានចាប់ដាក់ឃុំឃាំងដោយអយុត្តិធម៌ដោយសារការអនុវត្តសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានរបស់ពួកគេ»ក្នុងនោះរាប់បញ្ចូលទាំងលោក កឹម សុខា មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ និងមេធាវីជនជាតិខ្មែរសញ្ជាតិអាមេរិកាំង អ្នកនាង សេង ធារី ផងដែរ ដែលត្រូវបានចោទប្រកាន់ថា«មានទោសពីបទរួមគំនិតក្បត់និងញុះញង់ដើម្បីផ្ដួលរំលំរដ្ឋាភិបាល»។
ប្រធានសមាគមអាដហុកបានសម្តែងការព្រួយបារម្ភចំពោះអនាគតទៅថ្ងៃខាងមុខដែលលោកមើលឃើញថា កាន់តែធ្វើឱ្យមានការបែកបាក់នូវសាមគ្គីភាពនូវការឯកភាពជាតិរវាងទស្សនគណបក្សប្រឆាំង និងរដ្ឋាភិបាលដែលកាន់តែធ្វើឱ្យមានការបែកបាក់មិនមានការស្រុះស្រួលមិនមានការផ្សះផ្សាបង្រួបបង្រួមជាតិស្របតាមគោលការណ៍ស្របតាមខ្លឹមសារនៃស្មារតីរដ្ឋធម្មនុញ្ញ។
លោក នី សុខា លើកឡើងថា៖ «យើងដឹងហើយថា កម្លាំងរបស់គណបក្សប្រឆាំង អ្នកដែលគាំទ្រគណបក្សប្រឆាំងកន្លងមកនេះក៏មានរាប់លាននាក់មិនមែនតិចតួចទេ។ ដូច្នេះយើងឃើញថា នៅពេលដែលមានការប្រទូស្តរាយគ្នាខាងទស្សននយោបាយមិនស្របគ្នា វាឃើញថា មានការបែងចែករវាងប្រជាពលរដ្ឋដែលប្រកាន់នយោបាយប្រឆាំងហើយប្រជាពលរដ្ឋដែលប្រកាន់នយោបាយស្របជាមួយរដ្ឋាភិបាលហាក់ដូចជាមានទស្សនបែកបាក់គ្នាកាន់តែធំទៅៗ»។
ការដែលមិនមានការសាមគ្គីភាពជាតិ មិនមានការឯកភាពជាតិក្នុងចំណោមអ្នកនយោបាយត្រូវបានលោកនី សុខា លើកឡើងថា វាគឺជារឿងមួយមានវិបត្តិធំណាស់ដែលធ្វើឱ្យមានការព្រួយបារម្ភខ្លាំងណាស់ទៅថ្ងៃអនាគតចំពោះប្រទេសជាតិ ពីព្រោះប្រទេសជាតិមួយអាចរីកចម្រើនរុងរឿងទៅបានគឺទាល់តែមានការសាមគ្គីភាពជាតិនិងឯកភាពជាតិ។
ប្រធានសមាគមអាដហុករូបនេះបានបញ្ជាក់ថា ការបន្តចាប់ខ្លួនអ្នកនយោបាយប្រឆាំង និងសកម្មជនសង្គមស៊ីវិលទោះចង់មិនចង់បានជះឥទ្ធិពលមិនល្អដល់កេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិដែលវាអាចនឹងធ្វើឱ្យប្រទេសមួយចំនួនគេអាចនឹងធ្វើការពិចារណាក្នុងការបន្តកិច្ចសហប្រតិបត្តិការ ឬក៏ការចូលមករកស៊ី ឬបណ្តាក់ទុននៅកម្ពុជា។
ចំពោះស្ថានភាពនយោបាយកម្ពុជាបច្ចុប្បន្នលោក ប៉ា ចន្ទរឿន លើកឡើងថា ការងាកទៅរកការចរចាសម្របសម្រួលផ្នែកនយោបាយ និងការបង្កើននូវខន្តីនយោបាយនៅក្នុងសង្គមនិងការបើកសិទ្ធិសេរីភាពឱ្យប្រជាពលរដ្ឋក្នុងការចូលរួមទាំងការបញ្ចេញមតិ និងការជួបជុំគឺជាគោលការណ៍គ្រឹះនៃរបបប្រជាធិបតេយ្យសេរីដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣។
លោកថ្លែងថា៖ «ខ្ញុំជឿថា ប្រសិនបើរដ្ឋាភិបាលអាចធ្វើឱ្យប្រសើរឡើងនូវស្ថានភាពនៃការគោរពសិទ្ធិមនុស្ស និងដំណើរការប្រជាធិបតេយ្យនៅកម្ពុជានឹងកាន់តែមានឱកាសទទួលបានអត្ថប្រយោជន៍បន្ថែមទៀតពីប្រទេសលោកសេរីជាពិសេសគឺសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកជាដើម»៕